ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ នៅព្រះពន្លាជ័យ នៃព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ នៅព្រះពន្លាជ័យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នាថ្ងៃបិទបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្តេចសព្វព្រះរាជហឬទ័យ ប្រទានរង្វាន់ដល់ទូកជ័យលាភីផងដែរ ។
លទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមានដូចតទៅ៖
ឈរលេខ១ ទូកឈ្មោះ តេជោកែវវិជ័យបារមីចៅសែន មកពីខេត្តពោធិ៍សាត់ ។
ឈរលេខ២ ទូកឈ្មោះ សារាយតេជោសែនជ័យ មកពីខេត្តកណ្តាល ។
ឈរលេខ៣ ទូកឈ្មោះ កោះកេរធិបតី មកពីខេត្តព្រះវិហារ ។
ឈរលេខ៤ ទូកឈ្មោះ តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ មកពីខេត្តកំពង់ធំ ។
ឈរលេខ៥ ទូកឈ្មោះ នរិន្ទរស្សីពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រៅពីការទស្សនាការប្រណាំងទូកង នៅមាត់ទន្លេ ប្រជាពលរដ្ឋ ក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ