អ៊ីស្រាអែលឲ្យរង្វាន់ដល់អ្នកជួយរំដោះចំណាប់ខ្មាំង ម្នាក់៥លានដុល្លារ
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និយាយថា អ៊ីស្រាអែលប្រកាសផ្តល់រង្វាន់ ៥ លានដុល្លារ សម្រាប់ចំណាប់ខ្មាំង Gaza ម្នាក់ៗ ដែលត្រូវបានដោះលែង។
លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលកំពុងផ្តល់រង្វាន់ចំនួន៥លានដុល្លារដល់នរណាម្នាក់ ដែលជួយរំដោះចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។
លោក Netanyahu បាននិយាយ ក្នុងវីដេអូដែលថតនៅក្នុងទឹកដីប៉ាឡេស្ទីនថា «អ្នកណា ដែលនាំចំណាប់ខ្មាំងចេញ នឹងរកឃើញវិធីសុវត្ថិភាពមួយ សម្រាប់ពួកគេ ក្នុងការចាកចេញពីតំបន់ Gaza យើងនឹងផ្តល់រង្វាន់ ដល់ពួកគេចំនួន ៥លានដុល្លារ សម្រាប់ចំណាប់ខ្មាំងម្នាក់ៗ»។ លោកបន្តថា «យើងក៏កំពុងខិតខំប្រឹងប្រែងស្វែងរកចំណាប់ខ្មាំង និងនាំយកពួកគេ មកផ្ទះវិញដែរ។ យើងនឹងមិនចុះចាញ់ឡើយ។ យើងនឹងបន្តរហូតដល់យើងរកឃើញពួកគេទាំងអស់ នៅរស់ ឬ ក៏ស្លាប់»។
ដោយពាក់មួកសុវត្ថិភាព និងអាវការពារគ្រាប់កាំភ្លើងផងនោះ លោក Netanyahu បាននិយាយថា គោលដៅសង្គ្រាមមួយដដែល របស់អ៊ីស្រាអែល គឺ «ហាម៉ាសមិនត្រូវគ្រប់គ្រង នៅតំបន់ហ្គាហ្សា»។
ក្នុងអំឡុងពេលនៃការវាយប្រហារ ថ្ងៃទី៧ ខែតុលា ឆ្នាំមុន ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំង ចំនួន២៥១នាក់ ក្នុងនោះ ៩៧នាក់ត្រូវបានគេឃុំខ្លួន នៅក្នុងតំបន់ Gaza ប៉ុន្តែ មាន៣៤នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត