មេយោធាបណ្តេញនាយករដ្ឋមន្ត្រីប្រទេសម៉ាលី
បរទេស៖ ប្រមុខរបបយោធារបស់ប្រទេសម៉ាលី កាលពីថ្ងៃពុធ បានបណ្តេញនាយករដ្ឋមន្ត្រីស៊ីវិល លោក Choguel Kokalla Maiga និងរដ្ឋាភិបាល ចេញពីមុខតំណែង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Maiga បានចេញការរិះគន់ដ៏កម្រមួយ ចំពោះមេដឹកនាំយោធា។
លោកវរសេនីយ៍ឯក Assimi Goita បានអានក្រឹត្យ ដែលចេញផ្សាយតាមស្ថានីយទូរទស្សន៍រដ្ឋ ORTM ដោយបាននិយាយថា «ភារកិច្ចរបស់នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល ត្រូវបានបញ្ចប់»។
គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងលិច ដែលញាំញីដោយក្រុមជីហាដ និងអំពើហឹង្សាបំបែកខ្លួន មួយនេះ ត្រូវបានដឹកនាំដោយយោធា ចាប់តាំងពីមានរដ្ឋប្រហារ ត្រឡប់មកវិញ ក្នុងឆ្នាំ ២០២០ និង ២០២១។
នៅក្នុងខែមិថុនា ឆ្នាំ២០២២ របបយោធាបានសន្យាថា នឹងរៀបចំការបោះឆ្នោត និងប្រគល់អំណាច ឱ្យជនស៊ីវិល នៅចុងខែមីនា ឆ្នាំ២០២៤ ប៉ុន្តែ ក្រោយមក បានពន្យារពេលការបោះឆ្នោត ដោយគ្មានកំណត់។
លោក Maiga ត្រូវបានគេមើលឃើញថា ឯកោក្នុងតំណែង ជានាយករដ្ឋមន្ត្រី ដោយមានកិច្ចការតិចតួច ខណៈដែលយោធា កំពុងកាន់អំណាច។ លោកបាននិយាយថា ការច្របូកច្របល់អាចបង្ក «បញ្ហាប្រឈមធ្ងន់ធ្ងរ និងហានិភ័យ នៃការថយក្រោយ»។ ការបណ្តេញចេញ លោកនាយករដ្ឋមន្ត្រីពីតំណែង បានបង្កើតភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងបរិបទ ដែលមានបញ្ហា រួចមកហើយនោះ។
គួរឲ្យដឹងថា ប្រទេសម៉ាលីបានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ និងសន្តិសុខ ចាប់តាំងពីឆ្នាំ២០១២មក ពោលគឺបង្កឡើង ដោយការវាយប្រហារពីសំណាក់ក្រុមជីហាដ និងក្រុមប្រដាប់អាវុធផ្សេងទៀត ក៏ដូចជា ការតស៊ូផ្តាច់ខ្លួន នៅភាគខាងជើង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត