អ្នកជំនាញធ្វើការជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និង​ជួយ​សង្រ្គោះ​ក្បាច់ចម្លាក់ដែលខូចខាតនៅប្រាសាទភ្នំក្រោម

(ភ្នំពេញ)៖ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុល ជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាព ហែក ចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរ ឡើងវិញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ក្រៅពីនេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយ​សង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើង នៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ការជួស​ជុល​នេះដែរ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរ​តួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។

លោក ឡុង ណារី អ្នកអភិរក្សថ្ម ឱ្យដឹងថា ការជួសជុលជណ្តើរមុខនៅផ្នែក​ខាង​លិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ គឺចែកជា២ដំណាក់កាល។ ដំ​ណាក់កាលទី១ គឺជួសជុលពង្រឹងគ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាងជើង និងកម្រាលថ្មភក់។ ដំណាក់កាលទី២ គឺជួសជុលសង្រ្គោះក្បាច់ចម្លាក់​នៅតួប៉​ម​កណ្ដាលមុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង ដែល​ចម្លាក់ទាំងនោះ នៅសេសសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថាន​ភាពពុក​ផុយខ្លាំង។

អ្នកអភិរក្សថ្មដដែលឱ្យដឹងទៀតថា ការខូចខាតរចនាសម្ពន្ធជណ្តើរមុខ​នៅផ្នែក​ខាង​លិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោម បណ្តាលមកពីអាយុកាល​នៃ​សម្ភារសំណង់ ថ្មបាយក្រៀមមានសភាពពុកផុយគ្មានលំនឹង។ បច្ចេក​​ទេស​​នៃការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី ហើយផ្នែកកម្រាលក្រោម គឺត្រូវប្រើកម្ទេចថ្មមកបង្ហាប់ដី។ រីឯដុំថ្មកាំជណ្ដើរ​ដែល​​បាក់បែក ត្រូវតភ្ជាប់ឬក៏ជំនួសដោយថ្មថ្មី រួចហើយចាប់រៀបផ្គុំទៅតាម​ទីតាំងដើមនៃរចនាសម្ពន្ធឡើងវិញ ព្រមទាំងប្រើបាយអបិទភ្ជិតមុខតំណ​ដើម្បី​ឱ្យទឹកហូរចេញនិងជ្រាបចូលគ្រឹះប្រាសាទជាដើម។ គម្រោងជួស​ជុល​ជណ្ដើរ​មុខនៅផ្នែកខាងលិច ឆៀងខាងជើងនិងសង្រ្គោះក្បាច់ចម្លាក់​នៅប្រាសាទ​ភ្នំ​ក្រោមនេះ ចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២៤ ហើយគម្រោងនេះអាច​នឹង​បញ្ចប់នាដំណាច់ឆ្នាំ២០២៤ខាងមុខ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner