សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។
សូមជម្រាបថា ប្រទេសកម្ពុជា បានទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាញគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
គណៈប្រតិភូដែលចូលរួមមានចំនួន ២៦៣រូប ក្នុងនោះ ប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូកម្ពុជាចំនួន ៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប ។
គណបក្សដែលចូលរួមមានចំនួន ៦២ គណបក្សនយោបាយ ក្នុងនោះ គណបក្សនយោបាយចំនួន ៥១ មកពីអាស៊ី , គណបក្សនយោបាយចំនួន ៤ មកពីអាហ្វ្រិក និងគណបក្សនយោបាយចំនួន ៧ មកពីអាមេរិកឡាទីន , ក្រុមគណបក្សនយោបាយ នៅអឺរ៉ុប គឺតំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) ។
មហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) គឺជាស្ថាប័ន នយោបាយដ៏សំខាន់មួយ នៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងប្រទេស ហ្វីលីពីន កាលពីឆ្នាំ២០០០ ។ បច្ចុប្បន្ន ICAPP មានគណបក្សនយោបាយលើសពី ៣៥០ នៅក្នុងតំបន់អាស៊ី ជាសមាជិក ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត ICAPP ចំនួន ២លើក ក្នុងនោះកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ «ស្វែងរកអនាគត កាន់តែប្រសើរ និងមហាសន្និបាត ICAPP លើកទី១២ នាឆ្នាំ២០២៤ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាពនិងការផ្សះផ្សា» ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ