ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាមានភាពកក់ក្តៅពេលក្លាយជា​សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព

(ភ្នំពេញ)៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានឱកាស​ទទួល​បានការគាំពារសុខភាព និងអាចឱ្យពួកគាត់មានការចំណាយតិចតួចបំផុត លើការពិនិត្យសុខភាពនៅពេលមានជំងឺឈឺថ្កាត់ម្តងៗ។

លោកស្រី កិ សុខរ៉ន ជាអាជីវករលក់ផ្លែឈើ ស្ថិតនៅសង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញបានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីក​វិសាលភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបានអត្ថប្រយោជន៍ជា​ច្រើន​លើសេវាថែទាំសុខភាពដូចបណ្តាពលរដ្ឋដ៏ទៃទៀតដែរ។

លោកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. ខ្លួនមានការចំណាយ​ច្រើន​លើការពិនិត្យសុខភាព និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅ​ពេលឈឺថ្កាត់ម្តងម្កាលនោះទេ ក៏ប៉ុន្តែបន្ទាប់ពីបានក្លាយជាសមាជិក ប.ស.ស. ដោយចំណាយត្រឹមតែ ១៥៦០០រៀល ក្នុងមួយខែ គឺអាចទៅទទួល​បានសេវា​ពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចំណាយតិចតួចបំផុតសម្រាប់គាត់។

ចុះណែក លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ ជ្រោយ​ចង្វារ រាជធានីភ្នំពេញ លើកឡើងថា អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​អាច​ក្លាយ​ជាសមាជិក ប.ស.ស. បានគឺជាការផ្តល់អត្ថប្រយោជន៍​ដ៏ល្អ​បំផុតទៅ​ដល់ពួកគាត់ ពីព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាព​ក្នុងការថែទាំ​សុខភាព និងពិនិត្យសុខភាពដោយឥតគិតថ្លៃដូចបណ្តាសមាជិក ប.ស.ស. ជាអ្នកធ្វើការដែរ ដោយចំណាយថវិកាបង់វិភាគទានប្រចាំខែទាបបំផុត ដែល​ទាំងនេះអាចជួយកាត់បន្ថយចំណាយបានយ៉ាងធំធេងសម្រាប់គ្រួសារ និងជា​ភាពរីករាយថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន​ភាព​កក់ក្តៅ​បន្ទាប់ពីអាចក្លាយជាសមាជិក ប.ស.ស. ដូចបណ្តាមន្រ្តីរាជការ កម្មករនិយោជិតដែរ។ សម្រាប់ការពិនិត្យសុខភាព និងការថែទាំសុខភាព​របស់​បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធពុំមានការរើសអើងនោះទេ ហើយថែមទាំងទទួលបានសេវាថែទាំសុខភាពប្រកបដោយក្រមសីលធម៌ និង​ការយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផងដែរ។

ទន្ទឹមនេះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងអំណរគុណទៅដល់រាជ​រដ្ឋាភិបាល​កម្ពុជាដែលគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ទាំង​អស់​ដូចៗគ្នា តាមរយៈការពង្រីកវិសាលភាពនៃរបបសន្តិសុខ​សង្គមផ្នែក​ថែទាំ​សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមួយនេះ។ លើសពីនេះរាជរដ្ឋា​ភិ​បាលក៏បានសម្រួលដល់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀត ដូចជាបើកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ​បន្ថែម​ដោយឥតគិតថ្លៃផងដែរ។

ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើត​ឡើង​ដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬ​ប្រពន្ធ​និងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហា​សុខភាពនិងគ្រោះថ្នាក់ផ្សេងៗ​ សំដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិង​បង្កើនផលិតភាពការងារ។ បច្ចុប្បន្ន របបសន្តិសុខសង្គមបានពង្រីកវិសាលភាព​របស់ខ្លួនយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទាំងតាមរយៈ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រី​សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមនិងតាមរបបភាគទាន​ដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គល​ស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ 2 671 030 នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន 422 593នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ( សហព័ទ្ធ និងកូន) ចំនួន 136 210នាក់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner