សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ ប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ បានបន្តថា ការចូលរួមរបស់ ឯកឧត្តម Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ។

សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Min Aung Laing អំឡុងពេលនៃការចូលរួមក្នុងកិច្ចប្រជុំ GMS, ACMECS និង CLMV នៅសាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម Khin Yi បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តមនាពេលនេះ។

ឯកឧត្តមប្រធានគណបក្ស USPD បានលើកឡើងនូវសំណូមពរសំខាន់ៗចំនួន២ជូនសម្តេចតេជោ។ ទី១ ឯកឧត្តមបានសំណូមពរឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងគណបក្សយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់ឯកឧត្តម ក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្រ្ត របៀបរបបធ្វើការ និងគោលនយោបាយថ្នាក់ជាតិ និងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា ដែលអាចរក្សាបានភាពរឹងមាំ និងការចាក់ឫសជ្រៅនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗពីមួយជំនាន់ទៅមួយជំនាន់ និងពីគ្រប់ស្រទាប់វណ្ណៈ។ រីឯសំណូមពរទី២ ឯកឧត្តម បានគោរពស្នើសុំ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់បញ្ជូនអ្នកសង្កេតការណ៍ ទៅសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលគ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ។

ឯកឧត្តម Khin Yi ក៏បានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អជាទីបំផុត ដោយកន្លងមកសហការីរបស់ឯកឧត្តម បានចូលរួមសង្កេតដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងក្របខណ្ឌ ICAPP និងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន។ អាស្រ័យហេតុនេះ ឯកឧត្តម និងសហការី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា បានសម្រេចយកកម្ពុជាធ្វើជាប្រទេសគំរូ ក្នុងការត្រៀមរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ ដោយអាជ្ញាធរមីយ៉ាន់ម៉ា បានតាំងចិត្ត និងប្តេជ្ញាធ្វើឱ្យបានជោគជ័យ សេរី និងយុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ល្អជាទីបំផុត។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះសំណូមពរទាំងពីររបស់ ឯកឧត្តម Khin Yi ។

ចំពោះសំណូមពរទី១ សម្តេចតេជោ បានមានប្រសាសន៍ថា គណបក្សយើងទាំងពីរ គឺមានទំនាក់ទំនងក្នុងគ្រួសារ ICAPP រួចទៅហើយ។ សម្តេចស្គាល់គណបក្សUSDP យូរណាស់មកហើយ គឺចាប់តាំងពីជំនាន់ឯកឧត្តម ធាន សេង មកម៉្លេះ។ សម្តេចតេជោ បានឯកភាព នឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP ដែលអាចធ្វើឡើងនៅពេលវេលាសមស្របខាងមុខ។

សម្តេចតេជោ បញ្ជាក់ទៀតថា ពុំមែនមានតែភាគីគណបក្សរបស់ឯកឧត្តមនោះទេ ដែលត្រូវការសិក្សាពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ខាងភាគីកម្ពុជា ក៏ត្រូវការសិក្សាពីគណបក្ស USDP ផងដែរ។ រីឯការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សម្តេចតេជោ បានឯកភាពបញ្ចូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
សម្តេចតេជោ បានរំលឹកថា ត្រឹមរយៈពេល៧ថ្ងៃ ក្រោយពេលសម្តេចឡើងធ្វើជាប្រធានអាស៊ាន សម្តេចបានទៅធ្វើទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ដែលនៅពេលនោះ សម្តេចតេជោ ទទួលបាននូវការអបអរសាទរផង និងរងការតិះទៀនផង ។
សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា សម្តេច និងប្រទេសកម្ពុជា គ្មានបានផលប្រយោជន៍អ្វីពីការជួយដល់ប្រទេសមីយ៉ាន់ម៉ានោះទេ គោលដៅធំបំផុតរបស់សម្តេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនាដែលបង្កដោយជម្លោះប្រដាប់អាវុធ។ ជាថ្មីម្តងទៀត សម្តេចតេជោ បានចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ា ដែលទទួលរងគ្រោះទឹកជំនន់បង្កឡើងដោយព្យុះយ៉ាហ្គីនាពេលកន្លងទៅ។
សម្តេចតេជោ ជូនពរ ឯកឧត្តម Khin Yi និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕
ដោយ ៖ វណ្ណលុក
(FB-TT)