សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាព ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថានៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។

សម្តេច បានបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។

សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍បែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី ៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។

នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ចនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ ដែលសមាជិកសភាត្រូវធ្វើ។

សូមជម្រាបថា សិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា មានអញ្ជើញចូលរួមពីសមាជិកសភាមកពី បណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន។ សិក្ខាសាលានេះប្រារព្ធធ្វើនៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ខែវិច្ឆិកាឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងផងដែរ ពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជាក្នុងការជំរុញនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ជាមោទនភាពជាខ្លាំង ដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមសមាជិកអាស៊ាន និងជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំរបាយការណ៍មានលក្ខណៈទូលំទូលាយ ស្តីពី “លទ្ធផល នៃការវាយតម្លៃឱកាស សម្រាប់ស្ត្រីក្នុងប្រតិបត្តិការសន្តិភាព” ដែលត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ ២០២៣។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភាក៏អាចដើរតួនាទីជាអ្នកកសាងសន្តិភាព ជាពិសេសក្នុងពេលមានវិបត្តិ។ សមាជិកសភាគួរយកចិត្តទុកដាក់ ប្រើប្រាស់តួនាទីដើម្បីបន្ធូបន្ថយនូវភាពតានតឹង ជំរុញការសន្ទនានិងការជឿទុកចិត្ត និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាមរយៈការស្វែងយល់ពីបញ្ហាប្រឈម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខ ពីការស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ វាពិតជាមានតម្លៃហើយអាចឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner