រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបង្ហាញ ភាពសុទិដ្ឋិនិយមរបស់កម្ពុជាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្រសួងព័ត៌មានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិកាវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩ “The 59th Meeting of ASEAN Committee on Culture and Information” ( 59th ASEAN-COCI ) នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយាល់ រាជធានីភ្នំពេញ។
ប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI លើកទី៥៩ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយកិច្ចប្រជុំនេះគឺជាវេទិកាដ៏មានសារៈសំខាន់មួយដើម្បីអនុញ្ញតឱ្យសមាជិកអាស៊ានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងព័ត៌មាន ដោយត្រូវរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ និងជាមួយបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។
នៅចំពោះមុខ សមាជិក-សមាជិកា មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើនរូប ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងនូវបញ្ហាប្រឈមនៃការរីកសាយភាយព័ត៌មានក្លែងក្លាយ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ (AI)។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយគឺជាកត្តាដ៏ចម្បងមួយដែលនាំមានការប្រើប្រាស់នូវអំពើហឹង្សា ភាពស្អប់ខ្ពើមគ្នា ការរើសអើងជាតិសាសន៍ និងធ្វើឱ្យមានចលាចលសង្គមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានទីក្រុងភ្នំពេញ (Phnom Penh Media Statement) នៃកិច្ចប្រជុំលើកទី៧ នៃវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងដំណឹងក្លែងក្លាយ ក្នុងយុគសម័យឌីជីថល ដើមបន្តថែរក្សាសន្តិភាព» នៅអំឡុងពេលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ដោយមានការចូលរួមពីតំណាងគណៈបក្សនយោបាយចំនួន២៨ និងតំណាងប្រព័ន្ធផ្សព្វផ្សាយមកពី១៥ប្រទេស ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២១ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការដាក់ឱ្យអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន” ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សេរីភាពសារព័ត៌មាន និងកិច្ចការពារសុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសដើម្បីលើកគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។
គួរគូសបញ្ជាក់ថា គណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមវប្បធម៌ និងព័ត៌មាន។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ASEAN-COCI បាននឹងកំពុងអនុវត្តដោយជោគជ័យនូវគម្រោង និងកម្មវិធីជាច្រើនមានដូចជា ពិធីវប្បធម៌ ការអភិរក្សបេតិកភណ្ឌ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរព័ត៌មាន ដើម្បីកែលម្អបណ្តាញទំនាក់ទំនងក្នុងចំណោមប្រជាជាតិអាស៊ាន។ ប្រទេសកម្ពុជាចូលជាសមាជិក ASEAN-COCI បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ានពេញលេញក្នុងឆ្នាំ១៩៩៩។ ចាប់តាំងពីពេលនោះមក កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមASEAN-COCI ដោយរួមចំណែកដល់ការទូតវប្បធម៌ក្នុងតំបន់។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI ចំនួន២ដងរួចមកហើយ គឺនៅឆ្នាំ១៩៩៩ និងឆ្នាំ២០១៤៕
ដោយ៖ពលជ័យ
រូបភាព៖ខឹម សុវណ្ណារ៉ា