កូរ៉េខាងត្បូងក្លាយជាប្រទេសដំបូងក្នុងពិភពលោក ប្រើគ្រឿងយន្តជំនួសមនុស្សច្រើនជាងគេ
សេអ៊ូល ៖ យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កូរ៉េខាងត្បូងបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលប្រើប្រាស់គ្រឿងយន្តជំនួសកម្លាំងពលមនុស្សនៅក្នុងផ្នែកឧស្សាហកម្មជាង ១០ភាគរយនៃចំនួនសរុបទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent។
បច្ចុប្បន្នកូរ៉េខាងត្បូងបានប្រើប្រាស់គ្រឿងយន្តជាង ១,១០២គ្រឿង ក្នុងចំណោមបុគ្គលិកមនុស្សប្រមាណ ១០,០០០នាក់ ក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដែលប្រើប្រាស់មនុស្សយន្តច្រើនបំផុតនៅក្នុងរោងចក្រនារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំដោយស្ថាប័ន World Robotics 2024។
កន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងបានណែនាំឲ្យប្រើប្រាស់គ្រឿងយន្តនៅទូទាំងឧស្សាហកម្មផ្សេងទៀត រាប់ចាប់ពីមន្ទីរពេទ្យរហូតដល់ភោជនីយដ្ឋាន។ តូយ៉ាង កាលពីដើមឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានប្រកាសពីផែនការវិនិយោគទៅលើគ្រឿងយន្តឆ្លាតវៃប្រហែល ២.៤ពាន់លានដុល្លារទៅក្នុងវិស័យសាធារណៈ និងឯកជននៅចុងទសវត្សរ៍នេះ។
គំនិតផ្តួចផ្តើមនេះ មានគោលដៅបង្កើនអត្រាផលិតកម្មក្នុងស្រុកពី ៤៤ភាគរយបច្ចុប្បន្ន ទៅ ៨០ភាគរយនៅឆ្នាំ ២០៣០។ ការវិនិយោគវិនិយោគដ៏ធំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទៅក្នុងឧស្សាហកម្មគ្រឿងយន្ត ត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយ ដើម្បីដោះស្រាយការថយចុះចំនួនប្រជាជនក្នុងវ័យធ្វើការ ដែលបណ្តាលមកពីអត្រាកំណើតទាប។
យោងតាមរបាយការណ៍ដែលត្រូវបានបង្ហាញដោយសហព័ន្ធមនុស្សយន្តអន្តរជាតិ ហៅកាត់ (IFR) បានបញ្ជាក់ថា ដង់ស៊ីតេគ្រឿងយន្តបានកើនឡើង ៥ភាគរយជាមធ្យមក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៨ នៅកូរ៉េខាងត្បូង។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា នៅទូទាំងពិភពលោក ដង់ស៊ីតេគ្រឿងយន្តជាមធ្យមបានកើនឡើងទ្វេដងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពី ៧៤ ទៅ ១៦២គ្រឿង ក្នុងចំណោមបុគ្គលិកមនុស្ស ១០,០០០នាក់៕
ប្រភព ៖ Independent ប្រែសម្រួល ៖ ឈឹម ទីណា