ពលរដ្ឋថៃបន្ថយការផឹកកាហ្វថ្លៃៗ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះ

បាងកក៖ បើតាមអនុប្រធានសមាគម «កាហ្វេពិសេសថៃ» ឬ Specialty Coffee Association បាននិយាយថា ប្រជាជនថៃមិនសូវទៅរកហាងកាហ្វេ ដែលមានតម្លៃលើស ពី១០០បាត ឬ ២.៩០ដុល្លារ ក្នុងមួយកែវ ព្រោះតែការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅតែបន្តញាំញី នេះបើតាមការចេញផ្សាយ របស់កាសែត The Nation កាលពីថ្ងៃពុធ។

លោក Korn Sanguankeaw បានបន្តទៀតថា ហាងកាហ្វេមួយពែង តម្លៃក្រោម ១០០បាត មានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺចន្លោះពី ៦០ ទៅ ១០០%។ លោកបានកត់សម្គាល់ពីការធ្លាក់ចុះ នៃការដឹកជញ្ជូនកាហ្វេ តាមរយៈ Grab ផងដែរ។ លោកបានបន្ថែមថា ពលរដ្ឋថៃ បច្ចុប្បន្ននេះ ចូលចិត្តកាហ្វេតម្លៃ ចន្លោះពី ១.៧០ដុល្លារ ទៅ ២.៣០ដុល្លារ ហើយទាល់ក្នុងឱកាសពិសេស ទើបពួកគេជ្រើសរើសយកកាហ្វេ ដែលមានតម្លៃថ្លៃជាងនេះ ដូចជា ពេលដែលត្រូវផ្តល់ការលើកទឹកចិត្តដល់ខ្លួនឯង ក្នុងឱកាស ដែលកម្រណាមួយ ជាដើម។

លោក Korn បានបន្តទៀតថា ដូចទៅនឹង គ្រាប់កាកាវ ដែរ តម្លៃគ្រាប់កាហ្វេពិភពលោក បានកើនឡើង ៧៤.៣% ធៀបនឹងឆ្នាំមុន ដោយសារការឡើងកំដៅផែនដី ជាមួយនឹងការធ្លាក់ចុះនៃផលិតភាពដំណាំកាហ្វេ ដែលនាំឲ្យស្ថានភាព កាន់តែអាក្រក់ទៅៗ ខណៈពន្ធនាំចូលនៅថៃ មាន៩០%លើគ្រាប់កាហ្វេ, ពន្ធលើតម្លៃបន្ថែម ៧ភាគរយទៀត។ លោកបានបន្ថែមថា គ្រាប់កាហ្វេដែលដាំដុះ នៅប្រទេសថៃ មិនទាន់គ្រប់គ្រាន់ ដោះស្រាយគម្លាតទីផ្សារ បាននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានសមាគម «កាហ្វេពិសេសថៃ» រូបនេះបានបញ្ជាក់ថា វិស័យហាងលក់ភេសជ្ជៈ ទាំងមូល មិនធ្លាក់ចុះឡើយ បើទោះបីជាអតិថិជនបន្ថយការចំណាយក៏ដោយ ព្រោះ អ្នកទទួលទាន ងាកទៅរកភេសជ្ជៈ ផ្សេងៗទៀត ដូចជា Smoothie ឬ សូកូឡាឌូបៃ ជាដើម នេះបើតាម The Nation ដដែល។

កាសែត Bangkok Post បានចេញផ្សាយ ថ្មីនេះថា បំណុលគ្រួសារថៃ បានឈានជិតដល់កម្រិតបំបែកកំណត់ត្រា ជាមួយនឹងការកើនឡើងប្រាក់កម្ចីខ្លាំង ដែលមានលើសពី ៥០០ពាន់លានដុល្លារអាមេរិក អូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុះ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner