រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តសហគមន៍ ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញា​ចិត្តក្នុងការអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍កសិកម្ម​ទំនើបបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនូវទំនើបកម្មនៃសមាជិកសហគមន៍ ដោយធ្វើការរួមគ្នា ផលិតរួមគ្នា ធ្វើតាមស្តង់ដាត្រឹមត្រូវ ប្រការសំខាន់​ត្រូវមានភាពស្មោះត្រង់ មានវិន័យល្អ ផលិតទៅតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្ម​ឱ្យមានប្រសិទ្ធភាព។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ខណៈអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងពិធីនេះផងដែរ មានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ឆេក និងអាល្លឺម៉ង់ ព្រមទាំងបណ្តាវិស័យឯកជនទទួលទិញម្រេចសម្រាប់ការកែច្នៃ បានអញ្ជើញ​ចុះ​​ទស្សនកិច្ចពីដំណើរការដាំដុះដំណាំម្រេច ការប្រមូលផល និងការដាំដុះនូវ​ដំណាំ​គំរបដីដែលមានសារៈប្រយោជន៍សម្រាប់ដំណាំម្រេច។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពវិស័យ​កសិកម្ម​ក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណា​ឱ្យប្រជាកសិករ មានហូប មានប្រើមានបាន និងមានរហូត។

ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តសហគមន៍ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និង​ជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត ហើយក្រសួង​នឹងជួយ​គាំទ្រ​នូវការរៀបចំ និងការគិតគូរជាលក្ខណៈសេដ្ឋកិច្ចឱ្យមាន​និរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ដែលបានជួយ​ដល់ការងារវិស័យកសិកម្ម ជាពិសេសដំណាំម្រេច ស្វាយចន្ទី ដែលជាដំណាំ​អាទិភាពរបស់រាជរដ្ឋាភិបាល និងវិស័យឯកជននានាក្នុងការចូលរួមទទួលទិញ ដើម្បីកសិករមានទីផ្សារ ទទួលបានភាពជោគជ័យ និងដេីរទៅមុខបាន​វែងឆ្ងាយ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner