នាំអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃនៅវត្តក្តីអណ្ដែត

កំពង់ធំ៖អំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបច្ច័យមួយចំនួនរបស់ថ្នាក់ដឹកនាំនៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានឧត្តម​សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងសហការីនាំយកទៅ ប្រគេនព្រះសង្ឃចំនួន៥៥អង្គ ដែលកំពុង​គង់នៅរៀនសូត្រ នៅក្នុងវត្តក្តីអណ្ដែត ហៅវត្តក្តីក្នុង នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អំណោយនេះតប តាមសំណូមពរពីលោកយាយ លោកតាអាចារ្យគណៈកម្មការវត្ត ស្នើសុំជួយដោះស្រាយស្បៀងអាហាគ្រឿងឧបភោគបរិភោគ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ដែលកំពុងស្នាក់នៅរៀនសូត្រ និងចាស់ជរាដែលកំពុងស្នាក់អាស្រ័យនៅក្នុងទីអារាមនេះ។

អំណោយមានអង្ករ ៤០០ គីឡូក្រាម ត្រីខកំប៉ុង២កេសធំ ទឹកត្រីទឹកស៊ីអ៊ីវ ១០យួរ ដែលជាអំណោយ​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ចំណែកបច្ច័យមួយចំនួនរបស់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ព្រះសីលសោភ័ណ សាំង សុវត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណក្រុងស្ទឹងសែន និងជាព្រះចៅអធិការវត្តក្តីអណ្តែត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបាននាំយកស្បៀងនិងបច្ច័យមកប្រគេនព្រះសង្ឃ នាពេលនេះ៕


ដោយ៖ ប៊ុន រដ្ឋា

ads banner