អ្នកនាំពាក្យ៖ក្នុងបរិបទសង្គមឌីជីថល អ្នកសារព័ត៌មានជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកការពារសន្តិភាព និងលើកស្ទួយ​ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

ភ្នំពេញ៖អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្ន គ្រោះថ្នាក់នៃព័ត៌មាន​ក្លែងក្លាយជាបញ្ហាប្រឈមដ៏ធំមួយទាំងក្នុងប្រទេស​កម្ពុជានិង​លើពិភពលោក ជាពិសេសដោយសារការរីកសាយភាយយ៉ាងឆាប់​រហ័ស​នៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ លើប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម បូកផ្សំគ្នា​នឹងការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) បានជំរុញការសាយ​ភាយព័ត៌មានក្លែងក្លាយកាន់តែមានឥទ្ធិពល ធ្វើឱ្យមានហានិភ័យ​ខ្ពស់ប្រកបដោយគ្រោះថ្នាក់បំផុត ជះផលអវិជ្ជមានកាន់តែខ្លាំងឡើង​ដល់​ស្ថិរភាព សន្តិសុខសង្គម និងសន្តិភាពដែលយើងទាំង​អស់គ្នាខិតខំការពារនិងថែរក្សាតជំនាន់រហូតមកទល់ពេលនេះ។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសតំណាង​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់បណ្តាញផ្សព្វផ្សាយសន្តិភាពនិងកសាងសន្តិភាព​សហគមន៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋច្រើនឡើងបានចាប់យកមធ្យោបាយឌីជីថលដើម្បីទទួលព័ត៌មានប្រចាំថ្ងៃ ដែលនិន្នាការ​នេះបានបង្ហាញថាកម្ពុជាមានសិទ្ធិនិងសេរីភាពពេញលេញ ក្នុងការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅទូទាំងប្រទេស។ ពិតណាស់ វាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ប៉ុន្តែវាក៏បាននាំមកនូវផល​វិបាកជាច្រើន​ផងដែរ ព្រោះការចែកចាយនូវព័ត៌មាននានា រាប់ទាំងព័ត៌មានមិនពិតផង មានភាពលឿនឆាប់ដល់ដៃប្រជាពលរដ្ឋតាមបណ្តាញ​ទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក តិកតុក យូធូប និងមធ្យោបាយអនឡាញផ្សេងទៀត ជាជាងតាមកាសែត ទូរទស្សន៍ វិទ្យុជាដើម ឬតាមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈផ្សេងទៀត។ លើសពីនេះ ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន​ដោយខ្វះ​ក្រម​សីលធម៌ បានធ្វើឱ្យឲ្យប៉ះពាល់ដល់ការជឿទុកចិត្តលើសារព័ត៌មាន ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងអ្នក​ដែលអនុវត្តការងារតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ។

ឯកឧត្តមបន្តថា ក្នុងបរិបទនេះ អ្នកសារព័ត៌មានជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកក្នុងការពារសន្តិភាព និងលើកស្ទួយ​ការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច ព្រោះជាភ្នាក់ងារសកម្មក្នុងការពាំនាំនូវព័ត៌មាន ចំណេះដឹង ការអប់រំ និងការកំសាន្ត ដោយផ្សព្វ​ផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ជាងនេះទៀត អ្នកសារព័ត៌​មាន​ដែល​គោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិត​របស់អ្នកសារព័ត៌​មាន​ដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្ត​បាន​​ក្នុងមជ្ឈដ្ឋានសាធារណៈជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner