អ្នកនាំពាក្យក្រសួងព័ត៌មាន បង្ហាញពីទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ

ភ្នំពេញ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសតំណាង​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់បណ្តាញផ្សព្វផ្សាយសន្តិភាពនិងកសាងសន្តិភាព​សហគមន៍កាល
ពីថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងពី​តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកអភិវឌ្ឍន៍
សហគមន៍មូលដ្ឋាន ។

ក្នុងឱកាសដដែលនេះ ឯកឧត្តម ទេព អស្នារិទ្ធ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់អនុសាសន៍មួយចំនួន​ក្នុងនោះ១.អ្នក​សារព័ត៌មាន​មាន​​កាតព្វ​កិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿ​ទុកចិត្ត​បានពីសំណាក់សាធារណជន។ អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណ​តម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។ អ្នកសារព័ត៌មាន​ត្រូវប្រើ​ប្រាស់​បណ្ណ​​សម្គាល់អ្នក​សារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែន​កំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួន​មានក្នុងនាមអ្នកសារព័ត៌មាន។ ត្រូវគោរពតួនាទីនិងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យ​បានខ្ជាប់ខ្ជួន​អ្នកសារព័ត៌មាន​មិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ។ អ្នកសារព័ត៌មានត្រូវដុសខាត់ជំនាញ ប្រកាន់ទម្លាប់រៀនសូត្រ​ដើម្បីទទួលបានចំណេះដឹងថ្មី និងត្រូវស្វែងរកប្រភពព័ត៌មាននានាសម្រាប់ការសរសេរ ការផ្សាយព័ត៌មាន ដើម្បីជាប្រយោជន៍​ដល់ការរស់នៅប្រចាំថ្ងៃរបស់​ប្រជា​ពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងរួមចំណែកក្នុងដំណោះស្រាយ ធ្វើឱ្យស្ថានភាព​ប្រសើរឡើង ជាជាងបង្កើតបញ្ហា ឬធ្វើ​ឱ្យបញ្ហាណាមួយនោះកាន់តែធ្ងន់ធ្ងរទៅវិញ។

ចំណុចចុងក្រោយ អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនា​អាក្រក់​បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម ភាពចលាចល ឬការបែកបាក់ក្នុងសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខ័ណ្ឌ​ច្បាប់ជាធរមាន។ ត្រូវចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ខ្លឹមសារមានតុល្យភាពព័ត៌មាន ដោយផ្តល់សំឡេងដល់គ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនីមួយៗ៕

ឯកឧត្តមបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋវិញ រាជរដ្ឋាភិបាលតែងលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹង​ការអភិវឌ្ឍ​សហគមន៍មូលដ្ឋានខ្លួន និងចូលរួមពាំនាំនូវព័ត៌មានស្តីពីតម្រូវការ និងបញ្ហានានាក្នុងសហគមន៍ជូនដល់​រាជរដ្ឋាភិបាលបាន​ដឹង​ដោយសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានពាក់ព័ន្ធ ដើម្បីរួមចំណែកធានាការអភិវឌ្ឍ និងដំណោះស្រាយនានាបាន​ដល់ប្រជា​ពលរដ្ឋ។ ដូច្នេះពលរដ្ឋគ្រប់រូបមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមចំណែកបន្តថែរក្សាសន្តិភាពដោយរួមគ្នាទប់ស្កាត់នូវហានិភ័​យនានាដែលអាចបង្កផលអវិជ្ជមានប៉ះពាល់ដល់ការធានាស្ថិរភាព សុខសុវត្ថិភាពក្នុងសហគមន៍ និងសង្គមទាំងមូល។ ចូលរួមបង្កើត​បរិយាកាសល្អប្រសើរមានអំណោយផលដល់ការបន្តធានាវិបុលភាព សុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។ ចូរយើងចងចាំថា​សន្តិភាពគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងការបន្តការអភិវឌ្ឍប្រកបដោយនិរន្តភាពសម្រាប់​ទាំងអស់គ្នា និងសម្រាប់ជាតិទាំងមូល។
អ្នកនាំពាក្យដដែលបន្តថា ចូលរួមបណ្តុះស្មារតីប្រជាពលរដ្ឋ យុវជនឱ្យបង្កើនការស្រលាញ់ជាតិ មាតុភូមិ ជំរុញស្មារតីមនសិការ​ជាតិនិងការសាមគ្គីជាធ្លុងមួយ ក្នុងការការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសេចក្តីថ្លៃថ្នូរនិងឧត្តម​ប្រយោជន៍​ជាតិជាធំ ព្រមទាំងលើកតម្កើងវប្បធម៌ អរិយធម៌ ប្រពៃណីជាតិ។

សម្រាប់ការរស់នៅក្នុងសង្គមឌីជីថល ពលរដ្ឋម្នាក់ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ជាពលរដ្ឋឆ្លាតវៃមានការទំនួលខុសត្រូវ។ សូមបោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក និងកុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំង​ស្រុង​តែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​អាជីពដែលមាន​ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាព័ត៌មានពិត និងសុក្រឹត។នេះជាការក្រើនរំលឹកបន្ថែមរបស់ឯកឧត្តម អស្នា រិទ្ធ។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អ​សម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ និងបានប្រកាន់នូវគោលជំហរហ្មឺងម៉ាត់បន្តលើកស្ទួយសេរីភាពខាង​សារព័ត៌មាន ដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner