វៀតណាម​នឹងសង់ផ្លូវដែកល្បឿនលឿន​ តម្លៃ៦៧ពាន់លានដុល្លារ

បរទេស៖ ប្រទេសវៀតណាមបានអះអាង កាលពីចុងសប្តាហ៍ថា ខ្លួននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃ៦៧ពាន់លានដុល្លារ ពីទីក្រុងហាណូយ ទៅទីក្រុងហូជីមិញ ដែលត្រូវបានគេរំពឹងថា នឹងជំរុញកំណើន និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងចំណោមវិនិយោគិនបរទេស។

ផ្លូវដែក ដែលនឹងលាតសន្ធឹងជាង១,៥០០គីឡូម៉ែត្រ ពីរដ្ឋធានី នៅភាគខាងជើង ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ប្រទេស នៅភាគខាងត្បូង នឹងកាត់បន្ថយពេលវេលាធ្វើដំណើរបច្ចុប្បន្ន តាមរថភ្លើងធម្មតា ពី៣០ ម៉ោង ទៅប្រហែល ៥ម៉ោង។

សេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់សភាវៀតណាម កាលពីថ្ងៃសៅរ៍ បាននិយាយថា «សភាជាតិបានបោះឆ្នោតអនុម័ត … ដំណោះស្រាយស្តីពីគោលនយោបាយវិនិយោគ សម្រាប់គម្រោងផ្លូវដែកល្បឿនលឿន នៅលើអ័ក្សខាងជើង-ខាងត្បូង» ។

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមត្រូវបានចាត់ទុកថា មានភាពទន់ខ្សោយ ដោយបណ្តាញផ្លូវថ្នល់កំពុងតស៊ូឲ្យទាន់តាមតម្រូវការ ហើយប្រព័ន្ធផ្លូវដែក មិនទាន់មានការអភិវឌ្ឍន៍។ ដង់ស៊ីតេផ្លូវល្បឿនលឿនរបស់ខ្លួន គឺជាផ្នែកមួយទាបបំផុត នៅក្នុងតំបន់ បើទោះបីជាវៀតណាមកំពុងតែជំរុញពង្រីកផ្នែកនេះ ក៏ដោយ ខណៈពេលដែលតម្លៃដឹកជញ្ជូនតាមផ្លូវគោក គឺស្ថិតក្នុងចំណោមតម្លៃខ្ពស់បំផុត។

ប្រទេសនេះគឺជាទិសដៅ ដែលពេញនិយមកាន់តែខ្លាំងឡើង សម្រាប់ធុរកិច្ចបរទេស ​ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពទាប ត្រូវបានគេមើលឃើញថា រារាំងការវិនិយោគ ដែលកំពុងកើនឡើង។

លោក Dan Martin ទីប្រឹក្សាធុរកិច្ចអន្តរជាតិ នៃក្រុមហ៊ុន Dezan Shira & Associates បាននិយាយថា គម្រោងនេះនឹង “ពង្រឹងសេដ្ឋកិច្ចវៀតណាម”។ លោក Martin បានប្រាប់ AFP ថា «នឹងធ្វើឱ្យកាន់តែងាយស្រួល ក្នុងការឈានទៅដល់មជ្ឈមណ្ឌលផលិតកម្ម តាមរយៈការពន្លឿនការដឹកជញ្ជូនទំនិញ ជំរុញការផលិត កាត់បន្ថយពេលវេលា និងពង្រឹងតួនាទីរបស់វៀតណាម ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner