អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ប្រារព្ធធ្វើទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខថា ជារៀងរាល់ឆ្នាំ ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ តែងប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ធ្នូ ជាទៀងទាត់។

ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញ ការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍ ឈានទៅបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ នៅកម្ពុជា។

ទិវានេះ ក៏បានរំលឹកពីការផ្តល់នូវការគាំទ្រ ដល់អ្នកផ្ទុកមេរោគអេដស៍ រំលឹកដល់ការបាត់បង់ និងការស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំលឹក ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចងចាំពីគ្រោះថ្នាក់ នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នា ឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ អេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិ ដោយភាព សុខដុម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងនេះ យើងលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍ ដោយបង្ហាញពីសារៈសំខាន់ នៃចំណេះដឹង ស្តីពីវិធានការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ ដោយមកដល់ពេលនេះ អេដស៍ នៅតែជាជំងឺមួយគំរាម កំហែងដល់សុខភាពសាធារណៈរបស់មនុស្សជាតិនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ បន្ថែមទៀត ពីសំណាក់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងក្នុងតំបន់ និងទូទាំងពិភពលោក។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្ថែមថា ប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ សិទ្ធិ នៃអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ រួមទាំងសិទ្ធិ នៃការចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចូលរួមក្នុងបទអន្តរាគមន៍នៅគ្រប់លំដាប់ថ្នាក់ ដែលជាមាគ៌ា ឆ្ពោះទៅការបញ្ចប់អេដស៍នៅ ទូទាំងសកលលោក និងនៅកម្ពុជា ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឆន្ទៈមោះមុត ឈានទៅបញ្ចប់អេដស៍ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៥ ហើយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានរៀបចំនូវផែនការយុទ្ធសាស្ត្រជាតិ គោលការណ៍ណែនាំ ដោយមានការដាក់បញ្ចូលគ្រប់តួអង្គ ទៅក្នុងយន្តការឆ្លើយតបមេរោគអេដស៍ នៅគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីទាំងមូល នូវស្ថានភាពនៃការ រីករាលដាល និងសមិទ្ធផល នៃការឆ្លើយតបនឹងមេរោគអេដស៍នឹងជំងឺអេដស៍ឆ្នាំ២០២៤ ចម្បងៗដូចតទៅ៖ -តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ បង្កឱ្យអត្រាប្រវាឡង់ នៃអ្នកផ្ទុកមេរោគអេដស៍ បានថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅ ត្រឹមតែ ០,៥% ក្នុងចំណោមមនុស្សពេញវ័យ អាយុពី ១៥ ដល់ ៤៩ឆ្នាំ នៅឆ្នាំ២០២៣ ។

អ្នកឆ្លងថ្មី ក្នុងចំណោមមនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង មានការថយចុះគួរឱ្យកត់សម្គាល់ បើគិតពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៣ ។ នៅឆ្នាំ២០២៣ អ្នកឆ្លងថ្មីមានចំនួន ១.២០០នាក់ ដែលតាមការវិភាគក៏បានបង្ហាញថា ៨៦% ចំណោមអ្នកឆ្លងថ្មី គឺជាប្រជាជនគន្លឹះ និងអតិថិជន រួមនឹងដៃគូ ដែលក្នុងនោះមាន ៤៦% ចំណោមបុរសរួមភេទជាមួយបុរស និងក្រុមអ្នកបំប្លែងភេទ ៩៩% និងចំណែកអ្នកស្លាប់ ដោយសារមេរោគអេដស៍មានចំនួន ១.១០០ នាក់ មានការថយចំនួន ១០០នាក់ បើប្រៀបធៀប នឹងតួលេខក្នុងឆ្នាំ២០២១ ដែលមាន ១.៣០០នាក់ ។

តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រ នៅក្នុងឆ្នាំ ២០២៣ បានបង្ហាញថា ចំនួនប៉ាន់ស្មាន អ្នកផ្ទុកមេរោគអេដស៍ សរុបមានប្រមាណ ៧៦.០០០នាក់។ ក្នុងនោះនៅត្រីមាសទី៣ ឆ្នាំ ២០២៤ អ្នកមកទទួលសេវាព្យាបាលថែទាំដោយឱសថប្រឆាំងមេរោគអេដស៍ មានចំនួន ៦៩ ៤៣១នាក់ ។ បើធៀបនឹងគោលដៅជាតិ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៣ កម្ពុជា សម្រេចបាន ៨៩-៩៨-៩៨ នៃគោលដៅ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner