ថៃស្លាប់៩នាក់ ព្រោះទឹកជំនន់នៅភាគខាងត្បូង
បាងកក ៖ កាសែតថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់ ដោយសារទឹកជំនន់ នៅភាគខាងត្បូង ប្រទេស បានកើនឡើងដល់ ៩នាក់ ខណៈដែលមនុស្សកន្លះលាននាក់ រងផលប៉ះពាល់ ក្នុងខេត្តចំនួន៨ ហើយប្រជាជន ១៣,០០០នាក់ស្ថិត នៅក្នុងជម្រកសង្គ្រោះបន្ទាន់។
ប្រភពព័ត៌មាន បានរៀបរាប់ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅភាគខាងត្បូង ប្រទេសថៃ បានកើនឡើងដល់ប្រាំបួននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ខណៈមនុស្សប្រមាណ១៤០០០នាក់ ត្រូវបានជម្លៀសចេញ ដោយសារកម្ពស់ទឹកកើនឡើង។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ទឹកជំនន់នៅទូទាំងខេត្តចំនួនប្រាំបី បានប៉ះពាល់ដល់គ្រួសារជិត ៥៥៤,០០០នាក់ ដោយបន្សល់ទុកមនុស្សប្រហែល ១៣,០០០នាក់ នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមានចំនួន ២០០កន្លែង នៅក្នុងតំបន់ ដែលរងផលប៉ះពាល់។
ជាការកត់សម្គាល់ ស្រុក Chana នៃខេត្ត Songkhla បានទទួលរងនូវទឹកជំនន់ ដ៏អាក្រក់បំផុត ក្នុងរយៈពេល៥០ឆ្នាំ។ នាយកដ្ឋានឧតុនិយមបាននិយាយថា តំបន់មួយចំនួន នៅភាគខាងត្បូង អាចនឹងមានភ្លៀងធ្លាក់ខ្លាំង បន្ថែមទៀត ហើយបានព្រមាន អំពីទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ ដែលរងផលប៉ះពាល់៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត