សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសចិន ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការ រយៈពេល ៣ថ្ងៃ

(ប៉េកាំង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ច មិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ កាលពីវេលាម៉ោង ១៣ និង ១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង ១២ និង ១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លីវ ជិនចាវ (Liu Jianchao) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន ។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេស នៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗ របស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner