ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអមដោយ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្តេចយាងកាត់ខ្សែបូ សម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា «ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ពិតមែនតែមានទំហំតូច តែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកការងារវិស័យសុខាភិបាលមួយកម្រិត ដែលប្រជារាស្ត្រយើងអាចមកព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ។ បើមានជំងឺធ្ងន់ធ្ងរ លោកគ្រូពេទ្យអាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានី ឬមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យធំៗដទៃទៀត ដែលអាចធ្វើឱ្យសុខុមាលភាព និងជីវភាពប្រជារាស្ត្រយើង បានធូរស្រាលថែមមួយកម្រិតទៀត និងជួយសម្រាលបន្ទុករបស់រដ្ឋផង។ ការមានព្រះរាជឱង្ការរបស់ព្រះមហាក្សត្របែបនេះ ក្នុងឱកាសស្ដេចយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី ខួប២០ឆ្នាំ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងខួបទី៣៣ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព្រះករុណា ព្រះមហាក្សត្របានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្នើម ប៉ិនប្រសព្វ និងឈ្លាសវៃ ដោយមិនគិតការនឿយហត់ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជាយើងនាបច្ចុប្បន្ន មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងគ្រប់ទិសទី ទាំងរាធានី ខេត្ត ក្រុង ស្រុក ទាំងនៅតាមភូមិ ឃុំ និគម ជនបទដាច់ស្រាយាល។
ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជឱង្ការថា ព្រះអង្គមានការចាប់អារម្មណ៍នូវព្រះរាជសុន្ទរកថាដ៏ក្បោះក្បាយ និងមានអត្ថន័យ ដែលសម្ដេចព្រះរាជគ្រូ ជាទីសការៈដ៏ខ្ពង់ខ្ពស់ មានព្រះរាជបន្ទូលអំពីលទ្ធផលនៃដំណើរការសាងសង់ ព្រមទាំងការបំពាក់សម្ភារ ព្យាបាលតាមបែបទំនើប ក្នុងប៉ុស្តិ៍សុខភាព និងការព្យាបាលជំងឺប្រគេនព្រះសង្ឃ ជូននិស្សិត និងបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាផ្នែកសុខភាព នៅក្នុងតំបន់នេះដោយមិនគិតថ្លៃសេវា។ ព្រះអង្គក៏បានកោតសរសើរ ថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែលបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការស្វែងរកមូលនិធិ សម្រាប់កសាងរាជសមិទ្ធផលផ្នែកសុខាភិបាលនៅតាមទីអារាម ដើម្បីថែទាំនិងព្យាបាលជំងឺ ប្រគេនព្រះសង្ឃ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នេះជាដើម។
ព្រះករុណាព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណ ចំពោះស្ថានប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយសម្រួល ដល់សកម្មភាពក្នងការកសាងប៉ុស្តិ៍សុខភាពនេះ។ ព្រះអង្គ ក៏បានកោតសរសើរលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃ ប៉ុស្តិ៍សុខភាពនេះ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺបានល្អប្រសើរ។ ព្រះអង្គក៏បានសម្ដែងនូវព្រះរាជហឬទ័យ អបអរសាទរនៃព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានប្រសិទ្ធពរ ឱ្យមានដំណើរការក្នុងការបំពេញព្រះសេវា និងសេវាប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមចំណែកថែរក្សាព្យាបាលសុខភាព ប្រគេនព្រះសង្ឃ ជូននិស្សិត និងបងប្អូនប្រជាពលរដ្ឋយើង ៕
ដោយ ៖ វណ្ណលុក