Macron, Trump, Zelensky ជួបគ្នានៅទីក្រុងប៉ារីស
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសៅរ៍ បានធ្វើជាភាគីម្ចាស់ផ្ទះ រៀបចំកិច្ចពិភាក្សាត្រីភាគី ជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅទីក្រុងប៉ារីស។
ពួកលោកបានជួបគ្នា នៅខាងក្នុងវិមាន Elysee មុនពេលមានពិធីបើកឡើងវិញ សម្រាប់វិហារ Notre Dame។ លោក Zelensky និយាយថា «កិច្ចប្រជុំ ជាមួយ លោក Trump និងលោក Macron មានលទ្ធផលល្អ និងប្រកបដោយផលិតភាព»។
តាមរយៈបណ្តាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា មេដឹកនាំទាំងពីររូប ចង់ឱ្យសង្រ្គាមជាមួយរុស្ស៊ី បញ្ចប់ «យ៉ាងឆាប់រហ័ស» និង «ដោយយុត្តិធម៌» ។
លោក Zelensky ថា លោកបានអរគុណលោក Macron សម្រាប់ការរៀបចំកិច្ចប្រជុំនេះ ហើយបាននិយាយថា «លោកប្រធានាធិបតី Trump តែងតែមានការតាំងចិត្ត ខ្ញុំអរគុណគាត់»។ លោក Zelensky បាននិយាយទៀតថា ពួកលោកទាំងបីបានយល់ព្រម បន្តធ្វើការជាមួយគ្នា និង រក្សាទំនាក់ទំនង។
យ៉ាងណាមិញ ពុំមានការបង្ហាញលទ្ធផលនៃជំនួបត្រីភាគីនេះ ពីសំណាក់មេដឹកនាំបារាំង និង លោក Trump នៅឡើយទេ គិតត្រឹមយប់ថ្ងៃសៅរ៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត