សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជានេសាទក្នុងថ្ងៃត្រីត្រូវដំបូង នៅខេត្តកណ្ដាល
ភ្នំពេញ៖នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញទៅពិនិត្យ ដោយផ្ទាល់នូវការប្រមូលផលនេសាទរបស់ប្រជានេសាទនៅថ្ងៃត្រីត្រូវដំបូង។
តាមរយៈរូបភាពវិដេអូរយៈពេលជាងមួយនាទី សម្ដេចធិបតីដែល អមដំណើរដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា “ថ្ងៃនេះឆ្លៀតចុះជួបសំណេះសំណាលនិងមើលការប្រមូលផលនេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រ
ស្រុកពញាឮ ខេត្តកណ្តាល”។
សម្ដេចធិបតីបានបញ្ជាក់ថា”តាមបងប្អូននៅទីនោះប្រាប់ ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើនបើប្រៀបធៀបជា មួយនៃផលនេសាទនៅឆ្នាំកន្លងទៅ”។
គួររំលឹកថា ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផលបានអធិប្បាយថា “ដោយសារតែ នៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨-១៣ ខែធ្នូ ។ដូច្នេះសូមប្រជាពលរដ្ឋ អញ្ជើញមកទិញត្រីតាមពេលវេលា និងទីកន្លែងដូចជម្រាបជូន ហើយសូមអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្ដាជួយសម្រប សម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕
ដោយ៖វណ្ណលុក