មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកទឹកចិត្តសាលារៀន បញ្ជ្រាបចំណេះដឹងបម្រែបម្រួលអាកាសធាតុ ចាប់ពីថ្នាក់តូច
(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងអាហាររូបករណ៍សិស្ស នៃសាលាអន្តរជាតិ អាស៊ាន និងសាលារៀន ខេមវីសឌឹម កាលពីរសៀលថ្ងៃទី៨ ខែធ្នូ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ជំរុញដល់សាលាមួយនេះ ឲ្យខិតខំស្វែងរកវិធីសាស្ត្របង្រៀន កម្មវិធីសិក្សា ដែលបញ្ជ្រាបចំណេះដឹងបរិស្ថានដល់កុមារ កាន់តែច្រើន ដើម្បីឲ្យពួកគេរៀនចេះដោះស្រាយបញ្ហាដោយខ្លួនឯង ដូចជា ពេលមានអាកាសធាតុក្តៅ ជាដើម។
លោកជំទាវ គឹម សេដ្ឋានី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍វិស័យអប់រំ ដោយចាត់ទុក ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាព។
លោកជំទាវអរគុណដល់សាលាអន្តរជាតិអាស៊ាន ដែលបានចូលរួមបង្កើតមូលធនមនុស្ស ស្របតាមគោលដៅកំណែទម្រង់វិស័យអប់រំ ធ្វើយ៉ាងណាបណ្តុះនូវយុវជន ដែលមានទាំងបំណិនរឹង និងបំណិនទុន ជាពលរដ្ឋជាតិ ពលរដ្ឋសកល ស្វែងយល់និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងសង្គមជាតិ និងពិភពលោក។
លោកជំទាវ បានលើកទឹកចិត្តឲ្យសាលា ខិតខំស្វែងរក កម្មវិធីអប់រំ បន្ថែមទៀត ជាពិសេស ការអប់រំអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ តាំងពីកម្រិតមេត្តេយ្យសិក្សា តាមរយៈវិធីសាស្ត្រ បង្រៀន។
លោកជំទាវបញ្ជាក់ថា ចាំបាច់ត្រូវបញ្ជ្រាប តាំងពីនៅកម្រិតតូច ព្រោះថា កុមារតូច ចង់ដឹង ចង់ចេះ និងស្វែងយល់ នាំឲ្យពួកគាត់ចេះការពារខ្លួន ពេលមានអាកាសធាតុក្តៅ ជាដើម ហើយពួកគាត់អាចមានគំនិត ដោះស្រាយបញ្ហាអាកាសធាតុនេះ តាំងពីនៅតូច។
ក្រៅពីនេះ លោកជំទាវ ក៏ចង់ឲ្យមានកម្មវិធីសិក្សា ដែលបង្រៀនឲ្យកុមាររៀន ចេះដោះស្រាយបញ្ហាប្រឈមនានា សម្របខ្លួននឹងការបម្រែបម្រួល ក្នុងសតវត្សរ៍២១នេះ ដូចជា បញ្ហាជំងឺកូវីដ១៩ ជាដើម ដែលពុំមាននរណាដឹងមុននោះទេ។
លោកជំទាវ ក៏បានលើកឡើងពីដំណើរទស្សនកិច្ច ថ្មីៗនេះ នៅសាលារៀនក្នុងតំបន់មួយនៃប្រទេសថៃ ដែលក្នុងទីធ្លាសាលា មានសុទ្ធតែកន្លែងគ្រោះថ្នាក់ ដូចជា ស្ពានឆ្លងកាត់ និងផ្លូវធ្វើដំណើរ ដែលមានឧបសគ្គ ដូចជា ទួល និងដុំថ្ម ដាក់ពង្រាយ ដើម្បីឲ្យកុមារ ត្រូវរៀនពួកគាត់ ដោះស្រាយបញ្ហាប្រឈម ពេលជួបបញ្ហាដែលមិនប្រក្រតីនានា ។
លោក ហុង លឹម អគ្គនាយកសាលាអន្តរជាតិអាស៊ាន ទារកដ្ឋាន អាស៊ានប្រាយឃីដស៍ និងជាប្រធាននាយកប្រតិបត្តិសាលារៀន ខេមវីសឌឹម មានប្រសាសន៍ថ្លែងអំណរគុណដល់លោកជំទាវ ដែលបានចំណាយពេលចូលរួម ជាការលើកទឹកចិត្តឲ្យកាន់តែមានភាពកក់ក្តៅ សម្រាប់សិស្សានុសិស្ស និងមាតាបិតា ដែលសិក្សានៅសាលាអន្តរជាតិអាស៊ាន។ សាលាអន្តរជាតិអាស៊ានគឺជាគ្រឹះស្ថានឯកជន ផ្តល់ការសិក្សាចំណេះទូទៅ ចាប់ពីថ្នាក់ទារកដ្ឋានដល់ថ្នាក់មធ្យមសិក្សា ដែលមានទីតាំង ១៤ នៅរាជធានី ខេត្ត មានសិស្សកំពុងសិក្សាចំនួនជាង៦ពាន់នាក់ និងផ្តល់ការងារជូនបុគ្គលិកសរុប ប្រមាណ ៤៧០នាក់៕
ដោយ ៖ ង៉ាន់ ទិត្យ