លោក ភេន លាងហាង ៖ ការប្រណាំងឆ្នាំនេះ សម្បូរកីឡាករវ័យក្មេងច្រើន មានសមត្ថភាព និងបច្ចេកទេសល្អ
(ភ្នំពេញ)៖ ព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្លឹបម៉ូតូមេគង្គ មានកីឡាករប្រណាំងជាតិ និងអន្តរជាតិចូលរួមសរុប ៥៣នាក់ មកពី ៦ប្រទេស ប្រណាំងនៅទីលានប្រណាំងយានយន្ត Yamamoto circuit Cambodia ខេត្តកំពង់ស្ពឺ បានបញ្ចប់ដោយជោគជ័យ និងស្វែងរកឃើញអ្នកប្រណាំងវ័យក្មេងជាច្រើនរូប ។
លោក ភេន លាងហាង ជាគ្រូបច្ចេកទេស ក្លឹបមេគង្គ បានបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូឆ្នាំនេះ សិទ្ធផលកីឡាករប្រណាំងកើនខ្លាំង ការចូលរួមពីទស្សនិកជនក៏កើនឡើងខ្លាំង។ រីឯការរៀបចំវិញបានល្អប្រសើរលើសការរំពឹងទុកដោយសារក្រុមការងារមានបទពិសោធន៍ និងចេះចែករំលែកជួយគ្នាទៅវិញទៅមកតាមជំនាញនីមួយ។ លោកជាគ្រូបច្ចេកទេសរូបនេះ បន្ថែមថា ចំពោះការបច្ចេកទេសកីឡាករយល់ដឹងច្រើនពីលក្ខន្តិកៈ ច្បាប់ប្រណាំង បទបញ្ជារផ្សេងៗ ជាពិសេសគឺការបញ្ជារម៉ូតូចេញដំណើរ ការបញ្ជារម៉ូតូលើផ្លូវប្រណាំង និងតាមដមណាក់កាលនីមួយៗមិនបង្កគ្រោះថ្នាក់ និងហានិភ័យដល់គូប្រកួត សម្រាប់ក្រុមជាង (Mechanic) វិញ ពួកគាត់មានជំនាញ បច្ចេកទេសល្អជួសជុលជូនកីឡាករគាត់បានលឿន និងមានសុវត្តិភាពខ្ពស់ស្របតាមស្តង់ដា។ អ្វីដែលគួរកត់សំគាល់ថា ឆ្នាំនេះ សម្បូរកីឡាករប្រណាំងវ័យក្មេងមានសមត្ថភាព និងបច្ចេកទេសល្អច្រើន ហើយសិតសឹងតែជាអ្នកប្រណាំងមានបច្ចេកទេសល្អ អាចជ្រើសរើសយកមកហ្វឹកហាត់ត្រៀមធ្វើការប្រណាំងនៅបរទេសតំណាងអោយកម្ពុជាដូចកីឡាកររៀមច្បង ឈឹម ពិសិទ្ធ និងកីឡាករ ថេង សម្បត្តិ ជាដើម។ លោក ភេន លាងហាង បន្ថែម។
អ្នកប្រណាំងជើងចាស់ និងជាគ្រូបច្ចេកទេស ក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភទាំងអស់ដែលបានចូលរួមគាំទ្រ ជ្រោមជ្រែងក្លឹបម៉ូតូមេគង្គ អោយបង្កើតព្រឹត្តការណ៍ប្រណាំងនេះ ដើម្បីផ្តល់ឪកាសអោយកីឡាករថ្មីៗវ័យក្មេង បានចូលរួមហ្វឹកហាត់ និងស្វែងយល់ពីច្បាប់ លក្ខន្តិកៈផ្សេងៗ ពីវិស័យកីឡាម៉ូតូស្ព័រ និងគៀងគរអ្នកស្រឡាញ់ម៉ូតូអោយយល់ដឹងពីសុវត្ថិភាព ច្បាប់ចរាចរ មិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ជាពិសេសភាពអាណាធិបត្យេយនៅលើដងផ្លូវ ងាកមកធ្វើការប្រណាំងនៅលើទីលានវិញ។
សម្រាប់ផលទ្ធផលព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ ទាំង៤ Class គឺ Class Superbike 1000 លេខ១ កីឡាករ Samin Oudamsith លេខ២ កីឡាករ Kang Sokhapirom និងលេខ៣ កីឡាករ Ly Eakhuy , Class Super Sports 600 cc លេខ១ កីឡាករ Song Hengimmy លេខ២ កីឡាករ Than Rachna Widdhya និងលេខ៣កីឡាករ Tea Kimty , Class Super Sports 250-400 cc លេខ១ កីឡាករ Gong Jiaqi លេខ២ កីឡាករ Kem Eangly និងលេខ៣ កីឡាករ Phen Keanghong និង Class U B 150cc លេខ១ កីឡាករ Soun Sochetra លេខ២ កីឡាករ Ny Sokly និងលេខ៣ Seak Pich ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ