ឯកឧត្តម ហ៊ុន ម៉ានី ៖ និស្សិតជ័យលាភីសិក្សានៅនូវែលសេឡង់ ត្រូវសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ចំនួន ៣២នាក់ ក្នុងនោះមានស្រី ១៥នាក់ នៅបន្ទប់ប្រជុំ«បាយ័ន» នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្ម ក្នុងការស្វែងរកនូវចំណេះដឹង ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ផ្តើមពីការចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសនូវេលសេឡង់ នាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ ក៏បានចែករំលែកនូវបទពិសោធ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ក្នុងភាពជាតំណាង គួរខិតខំសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់របស់ថ្នាក់ដឹកនាំចាស់ៗ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញពីឆន្ទៈ ជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការរួមចំណែកដ៏សំខាន់នៅក្នុងដំណើរវិវត្តរបស់កម្ពុជាឆ្ពោះទៅមុខ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ដែលតែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបុព្វហេតុកសាងកម្លាំងរួម និងកសាងសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិតទាំងអស់គ្នានាពេលនេះ គឺជាភាពជោគជ័យរបស់ក្រុមគ្រួសាររបស់ខ្លួន ហើយក៏ជាភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិ ព្រោះយើងទាំងអស់គ្នាមានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់ប្រទេសកម្ពុជា។

សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពាំនាំយកនូវចំណេះជំនាញយកមកអភិវឌ្ឍសង្គមជាតិកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner