មេដឹកនាំគណបក្សបៃតង៖ យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រនោះទេ

ភ្នំពេញ៖ មេដឹកនាំគណបក្សបៃតង បានហៅការធ្វើយុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនោះទេ និងក៏មិនទទួលបានជោគជ័យដែរ ពីព្រោះប្រជាពលរដ្ឋលែងមានជំនឿលើជនក្បត់ជាតិរូបនេះតទៅទៀតហើយ ដែលជនក្បត់ជាតិរូបនេះធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។

លោក ខុន ចាន់នី ប្រធានគណបក្សបៃតង បានមានប្រសាសន៍ថា យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺនឹងមិនទទួលបានការគាំទ្រ និងទទួលបានជោគជ័យនោះទេ ហើយជនក្បត់ជាតិរូបនេះ ជាអ្នកនយោបាយទាល់ច្រកមិនប្រាកដប្រជានិយម ក្នុងមួយជីវិត គឺមិនទទួលបានជោគជ័យទេ។ ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុកមិនទៅចាញ់បោកបុគ្គលរូបនេះតទៅទៀតដែរ។ យុទ្ធនាការផ្ការីករបស់បុគ្គលសមរង្ស៊ី គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។…ជនក្បត់ជាតិ សម រង្ស៊ី ជាអ្នកនយោបាយឱបភ្លើង ពីព្រោះនៅពេលដែលឃើញស្ថានការណ៍នៅប្រទេសណាមួយមានការជ្រួលច្រលប់បុគ្គលរូបនេះទៅភ្ជាប់ខ្លួនជាមួយហើយ ដូចជាស្ថានការណ៍នៅកូរ៉េខាងត្បូង និងនៅប្រទេសស៊ីរី។

ប្រធានគណបក្សបៃតងបានបញ្ជាក់ថា “យុទ្ធនាការផ្ការីកនេះ គឺមិនទទួលជោគជ័យទេ អត់ទាល់តែសោះ សម្រាប់ខ្ញុំ គឺសូន្យតែម្តង វាគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។ ការដែលគាត់ (សម រង្ស៊ី) ស្វះស្វែងទាំងអស់នេះ គឺដើម្បីចង់ឱ្យអតីតគូប្រកួតគាត់របស់គាត់ គឺសម្តេចតេជោ ហ៊ុន សែន ធ្វើម៉េចឱ្យសម្តេចឆ្លើយតបជាមួយគាត់បន្តិចទៅគាត់ដេកលក់ហើយ តែសម្តេចតេជោលោកមិនឆ្លើយឆ្លើងជាមួយទេ។ សូម្បីតែអ្នកនយោបាយជំនាន់ថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនឆ្លើយឆ្លងទៅសមរង្ស៊ីផងនឹង អីចឹងចប់តែម្តង។ នយោបាយគាត់ គឺថាជីករណ្តៅកប់ខ្លួនឯង និងក្តីក្រហាយមួយជីវិតគាត់”។

សូមជម្រាបថា គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាបានគាំទ្រការតាក់តែងច្បាប់ឱ្យក្រុមជ្រុលនិយមនៅក្រៅប្រទេសដាក់ជាក្រុមភេរវកម្ម។ ការគាំទ្រនេះ ត្រូវបានមេដឹកនាំគណបក្សនយោបាយអះអាងថា ដោយសារក្រុមជ្រុលនិយមទាំងនេះ បានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កព្យសនកម្មធ្ងន់ធ្ងរ ដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ ចលាចលដល់ប្រជាជន ដែលវាជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង៕
ដោយ៖ពលជ័យ

ads banner