ឯកឧត្តម ហេង សួរ ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

(ភ្នំពេញ)៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការងើបឡើងវិញ នៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ហេង សួរ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឆ្នាំ២០២៩ ជាឆ្នាំដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ទន្ទឹមនេះ ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក៏ជាឱកាសផងដែរ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស ហើយក៏ជាឱកាសសម្រាប់ឧស្សាហកម្មផ្សេងទៀតអាចនឹងពិចារណាមកកាន់កម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងគ្រប់ក្រសួងស្ថាប័នទាំងអស់សម្រាប់ធ្វើតារាងសកម្មភាពរួមគ្នា ដើម្បីធានាថា នៅឆ្នាំ២០២៩ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ យើងមានលក្ខខណ្ឌបំពេញបន្ថែមដើម្បីធ្វើយ៉ាងណាធានាបានថាយើងមិនជាប់នៅក្នុងអន្ទាក់នៃបញ្ហាប្រឈមណាមួយនោះទេ ហើយយើងនឹងអាចធ្វើដំណើរយ៉ាងស្វាហាប់ដើម្បីពង្រីកឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាសន្និសីទថ្នាក់ជាតិនាពេលនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ចំនួន ៤ តាមរយៈ ៖

១. ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកការយល់ឃើញ និងផ្តល់មតិយោបល់ដើម្បីជំរុញទីផ្សារការងារនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ ក្រោយពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។

២. ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ។

៣. ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជាត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។

៤. ជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងា។

គួបញ្ជាក់ថា សន្និសីទថ្នាក់ជាតិ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំធ្វើឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយដៃគូអភិវឌ្ឍ រួមមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP), អង្គការអន្តរជាតិខាងការងារ(ILO), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ(SDC), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC), សមាគមកម្ពុជា-ជប៉ុន គិបូ និងដៃគូអន្តរជាតិផ្សេងទៀត៕

ដោយ ៖ ង់ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner