Airbus ចែកចាយយន្តហោះជាង ៨០គ្រឿង កើនឡើង ៣១ភាគរយក្នុងខែវិច្ឆិកា

ប៉ារីស ៖ ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះជាង ៨០គ្រឿងក្នុងខែវិច្ឆិកា ខណៈដែលក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុបមួយនេះ កំពុងបោះជំហានឈានឆ្ពោះទៅកាន់គោលដៅចុងឆ្នាំ បន្ទាប់ពីការធ្លាក់ចុះកាលពីរដូវក្តៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះចំនួន ៨៤គ្រឿងក្នុងខែវិច្ឆិកា កើនឡើង ៣១% នាំឱ្យការចែកចាយយន្តហោះសរុបកើនដល់ ៦៤៣គ្រឿង កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការចែកចាយយន្តហោះនេះ បង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ក្រុមហ៊ុនផលិតយន្តហោះមានមូលដ្ឋាននៅអឺរ៉ុបនេះ ក្នុងការបំពេញតាមតម្រូវការកើនឡើង នៃឧស្សាហកម្មអាកាសចរណ៍សម្រាប់យន្តហោះទំនើប និងសន្សំសំចៃប្រេង។

ប្រភពឧស្សាហកម្មបានប្រាប់កាសែតរ៉យទ័រក្នុងសប្តាហ៍នេះថា ការចែកចាយយន្តហោះរបស់ Airbus បានកើនឡើងខ្លាំង ភាគច្រើនជាប្រភេទយន្តហោះគ្រួសារ A320neo និងស៊េរី A350 បន្ទាប់ពីក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ CFM និង Airbus បានឈានដល់កិច្ចព្រមព្រៀងលើការផ្គត់ផ្គង់ម៉ាស៊ីនរយៈពេលខ្លីកាលពីសប្តាហ៍កន្លងទៅ។

ដើម្បីបំពេញតាមគោលដៅចែកចាយយន្តហោះប្រចាំឆ្នាំដល់ ៧៧០គ្រឿង ក្រុមហ៊ុន Airbus ត្រូវការចែកចាយយន្តហោះចំនួន ១២៧គ្រឿងទៀតនៅក្នុងខែធ្នូ តួលេខនេះតំណាងឱ្យកំណើនចំនួន ១៣%៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner