អ៊ុយក្រែនជោគជ័យបាញ់សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុក
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា មីស៊ីលដែលផលិតដោយអ៊ុយក្រែនផ្ទាល់ដៃ មានឈ្មោះថា “Ruta” បានសាកល្បងដំបូងដោយជោគជ័យ។
នេះជាផ្នែកមួយនៃកងសព្វាវុធថ្មី ដែលអ៊ុយក្រែនកំពុងអភិវឌ្ឍដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ យ៉ាងណាមិញ មីស៊ីលថ្មី Ruta ដែលហៅថា Rue គ្រាន់តែជាអាវុធមួយក្នុងចំណោមអាវុធជាច្រើនទៀត ដែលលោក Zelensky ទើបតែប្រកាសប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់លោក Zelensky មីស៊ីល Palianytsia កំពុងស្ថិតក្រោមការផលិតក្នុងទ្រង់ទ្រាយធំ ខណៈមីស៊ីលដ្រូន Peklo បានឆ្លងផុតការប្រើប្រាស់ប្រយុទ្ធលើកដំបូងដោយជោគជ័យ។ ថ្មីៗនេះ រោងចក្របានប្រគល់កញ្ចប់ទី ១ ដល់កងកម្លាំងការពារអ៊ុយក្រែន។
លោក Zelensky ធ្លាប់បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ជុំទីមួយនៃមីស៊ីលដ្រូន Peklo ត្រូវបានបញ្ជូនទៅដល់ដៃកងកម្លាំងការពារអ៊ុយក្រែនហើយ។ Peklo គឺជាប្រភេទកូនកាត់មីស៊ីល និងយន្តហោះដ្រូន ដែលអាចហោះក្នុងចម្ងាយជាង ៧០០គីឡូម៉ែត្រក្នុងមួយម៉ោង។
សព្វាវុធប្រយុទ្ធរបស់អ៊ុយក្រែន មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារមានជំនួយពីប្រទេសលោកខាងលិច ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ លោក Zelensky បានផ្តល់ការអាប់ដេតដ៏កម្រមួយ ដោយបានប្រកាសថា ទាហានអ៊ុយក្រែនប្រមាណ ៤៣,០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ចំនួននេះមិនរាប់បញ្ចូលអ្នករងរបួស ដែលគាត់បាននិយាយថា មានដល់ទៅឮ ៣៧ម៉ឺននាក់ទេ៕
ប្រភព ៖ New York Post ប្រែសម្រួល ៖ ឈឹម ទីណា