មេដឹកនាំគណបក្សខ្មែរអភិរក្ស៖ យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ
ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរអភិរក្ស បានចំអកឱ្យជនក្បត់ជាតិ៣ជំនាន់ ថា យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ គឺគ្រាន់តែទុកសម្រាប់លម្អរគេហដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។ ការចំអកនេះ បន្ទាប់ពីជនក្បត់ជាតិ ៣ជំនាន់ បាននឹងកំពុងធ្វើយុទ្ធនាការផ្ការីកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយគំរូតាមប្រទេសបង់ក្លាសដេស ស៊ីរី …។ល។ ហើយវាគ្រាន់តែជាមធ្យោបាយទាល់ច្រកគ្មានការងារធ្វើចេះតែរករឿងអ្វីដែលប្លែកៗ មកញុះញង់ដើម្បីកុំអោយស្ងាត់ឆាកនយោបាយរបស់គាត់តែប៉ុណ្ណោះ។
ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ចំពោះយុទ្ធសាស្រ្តនយោបាយដែលទណ្ឌិត សម រង្ស៊ី ដាក់ឈ្មោះហៅថាផ្ការីកតាមគេតាមឯងនោះមកអំពាវនាវឃោសនាអុជអាលញុះញុងប្រជាពលរដ្ឋខ្មែរឱ្យងើបឈរបះបោរប្រឆាំងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដោយយកឧទាហរណ៍គំរូតាមប្រទេសបង់ក្លាសដេស ស៊ីរី …។ល។ វាគ្រាន់តែជាមធ្យោបាយទាល់ច្រកគ្មានការងារធ្វើចេះតែរករឿងអ្វីដែលប្លែកៗ មកញុះញង់ដើម្បីកុំឱ្យស្ងាត់ឆាកនយោបាយរបស់គាត់តែប៉ុណ្ណោះ។
ឯកឧត្តមបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី រួមទាំងបក្សពួកមួយក្តាប់តូចមិនអាចធ្វើអ្វីបានទាំងអស់ ព្រោះថាប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានភាពឆ្លាតឈ្លាសវៃចេះពិចារណានូវហេតុផលច្បាស់លាស់ថា តើអ្វីដែលជាការរីកចម្រើន អ្វីដែលធ្វើអោយមានការបំផ្លាញជាតិរបស់ខ្លួនឯង។ ជាពិសេសគឺចលនាជាតិនិយមដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងផុសផុលហើយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលមានទាំងសន្តិភាពនិងការអភិវឌ្ឍដោយឈរនៅលើជំហរមហាគ្រួសារខ្មែរ ខ្មែរតែមួយ។
មេដឹកនាំគណបក្សខ្មែរអភិរក្ស បានចំអកឱ្យជនក្បត់ជាតិ ៣ជំនាន់ថា ទណ្ឌិត សម រង្ស៊ី មិនអាចយកប្រទេសខ្មែរទៅប្រៀបធៀបជាមួយនឹងប្រទេសផ្សេងដែលមានបរិបទនយោបាយ និងភូមិសាស្រ្តនយោបាយផ្សេងគ្នាដោយឡែកនោះទេ។ និយាយរួមទៅផ្ការបស់ទណ្ឌិត សមរង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ គឺគ្រាន់តែទុកសម្រាប់លម្អគេហដ្ឋានរបស់គាត់តែប៉ុណ្ណោះ។
សូមជម្រាបថា បណ្តាគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានគាំទ្រការតាក់តែងច្បាប់ឱ្យក្រុមជ្រុលនិយមនៅក្រៅប្រទេសដាក់ជាក្រុមភេរវកម្ម។ ការគាំទ្រនេះ ត្រូវបានមេដឹកនាំគណបក្សនយោបាយអះអាងថា ដោយសារក្រុមជ្រុលនិយមទាំងនេះ បានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កព្យសនកម្មធ្ងន់ធ្ងរ ដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ ចលាចលដល់ប្រជាជន ដែលវាជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង៕
ដោយ៖ពលជ័យ