រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានត្រូវបង្កើនការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា
(ភ្នំពេញ)៖ ដើម្បីបង្កើនភាពទាក់ទាញលើវិស័យទេសចរណ៍នៅកម្ពុជា អ្នកសារព័ត៌មាន ត្រូវបង្កើនធ្វើការផ្សព្វផ្សាយលើសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកទេ តែវាក៏ទាក់ទាញដល់ភ្ញៀវទេសចរបរទេស ពិសេសប្រទេសចិនដែលជាឆ្នាំ នៃការលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
ថ្លែងក្រោយបញ្ចប់ពិធីបើក វេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនាសណ្ឋានគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា៖បន្ទាប់ពីឆ្នាំ២០២៤ ដែលការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន រវាងកម្ពុជា-ចិន ក្រសួងព័ត៌មាន បានធ្វើសកម្មភាពមួយចំនួនធំក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ក៏ដូចជាកាលានុវត្តភាពផ្សេងៗទៀតនៅប្រទេសកម្ពុជារបស់យើង ពិសេសទាក់ទិននឹងសង្គម សេដ្ឋកិច្ចតែម្តង។
តាមរយៈនេះគឺអាចធ្វើឱ្យប្រជាជនចិនបានទទួលព័ត៌មានពីសក្តានុពលទេសចរណ៍នៅកម្ពុជា។ឆ្នាំ២០២៥គឺជាឆ្នាំលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក្រសួងព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានរបស់កម្ពុជា ត្រូវបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ដែលជាឱកាសក្នុងការផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាយើងមានស្រាប់ហើយ ។
ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា”យើងត្រូវបង្កើនឱ្យបានជ្រួតជ្រាបលើស្រទាប់ពលរដ្ឋប្រជាជនចិន ក៏ដូចជាប្រទេសដទៃទៀតក្នុងការធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងនេះដូចជាតំបន់ទេសចរណ៍ថ្មីៗទើបបង្កើតឡើង កន្លែងតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងក្រៅពីនេះក៏ត្រូវផ្សព្វផ្សាយផងដែរនូវមុខម្អូបប្រពៃណី ទំនៀមទំលាប់ពលរដ្ឋរស់នៅតំបន់សហគមន៍ ជាដើមដែលទាំងអស់នេះសុទ្ធសឹងជាផ្នែកមួយទាក់ទាញការចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋចិនក្នុងការធ្វើដំណើរមកទស្សនា និងកម្សាន្តនៅកម្ពុជា”។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា”ទាំងអស់នេះហើយគឺជាតួនាទីរបស់អ្នកសារព័ត៌មានក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាផ្តិតយករូបភាព ឯកសារផ្សេងៗក្នុងការជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ។កាលណាផ្សព្វផ្សាយបានទូលំទូលាយនោះហើយគឺជាការទាក់ទាញយ៉ាងសំខាន់ទៅដល់ភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសកម្ពុជារបស់យើង “។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា”កាលពីអំឡុងមុនជំងឺកូវីដ១៩ផ្ទុះឡើង អ្នកទេសចរចិនជាប់លេខ១ ក្នុងការមកកម្សាន្តនៅកម្ពុជា ។ ពេលនេះចាប់ផ្តើមអ្នកទេសចរចិនធ្វើដំណើរមកវិញហើយ ខ្ញុំជឿជាថា អ្វីដែលយើងផ្សព្វផ្សាយនេះនឹងធ្វើឱ្យអ្នកទេសចរចិន គាត់ទទួលបានព័ត៌មានច្បាស់លាស់ និងធ្វើដំណើរកម្សាន្តកម្ពុជាយើង” ។
គួរបញ្ជាក់ថាបើយោងតាមបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាកន្លងមកបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាបានកើនឡើង ៤៣,១ភាគរយ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៤ ។ ភ្ញៀវទេសចរចិនសរុបចំនួន ៣២៦,០០៣ នាក់បានធ្វើដំណើរមកកម្ពុជាក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ៤៣,១ ភាគរយ ពីចំនួន ២២៧,៧៤៧នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
របាយការណ៍បានបន្ថែមថា ភ្ញៀវទេសចរចិនមានចំនួន ១២,៣ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជា ដោយក្នុងនេះ កម្ពុជាបានទទួលភ្ញៀវបរទេសសរុបចំនួន ២,៦៤លាននាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២២ ភាគរយពីភ្ញៀវអន្តរជាតិចំនួន ២,១៦លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ដោយ ៖ ម៉ាដេប៉ូ