ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត៖ មហោស្រពមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០២៤ ជាចលករដ៏សំខាន់ នឹងរួមចំណែកលើកកម្ពស់វប្បធម៌ និងប្រពៃណីនៃប្រទេសទាំងពីរ
សៀមរាប៖ មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ គឺជាចលករដ៏សំខាន់ នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ពិសេសរវាងយុវជនអំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព, ទំនុកចិត្ត, ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងព្រឹត្តិការណ៍មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គររីសត ក្រុងសៀមរាប ដែលរៀបចំដោយផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) សហការជាមួយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (CFPD) និងជាការអបអរខួបទី៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន និងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ។
ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន(YHCCF) បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការផ្លាស់ប្តូរសិល្បៈនិងវប្បធម៌, ពង្រឹងការយល់ដឹងពីគ្នាដើម្បីកសាងទំនុកចិត្តនិងមិត្តភាព ព្រមទាំងផ្តល់ឱកាសឱ្យសហគ្រិននៃប្រទេសទាំងពីរ អាចស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នាបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
លោក Liu Zhengzhong អគ្គលេខាធិការរងនៃមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនដ៏ស្អិតរមួតក្នុងរយៈពេល ៦៦ឆ្នាំមកនេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំក្នុងទំនាក់ទំនងប្រទេសទាំងពីរបើទោះបីជាមានការប្រែប្រួលស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រឹត្តិការណ៍នៅថ្ងៃនេះ នឹងនាំមកនូវភាពវិជ្ជមានកាន់តែខ្លាំងផ្នែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ថ្លែងក្នុងពិធីបើកមហោស្រពផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ៦៦ឆ្នាំ នៃចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ, កម្ពុជា-ចិន សម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន។ ជាក់ស្ដែង, មិត្តចិនបានចូលរួមចំណែកយ៉ាងធំធេងក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការផ្តល់នូវជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីផ្តល់ការគាំទ្រក្នុងវិស័យអាទិភាពជាច្រើនស្របតាមតម្រូវការរបស់កម្ពុជា ជាពិសេសលើការកសាងហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន និងបណ្តាញអគ្គិសនីជាដើម ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះ គឺជាភាពជោគជ័យមួយក្នុងការជំជំរុញឱ្យមានការយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងយុវជននៃប្រទេសទាំងពីរ ។ បើតាមឯកឧត្តម វ៉ាង វិនពីន យុវជន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មិត្តភាពរវាងប្រទេសទាំងពីរ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានដើរយ៉ាងរលូនក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ យុវជនដើរតួនាទីយ៉ាងសំខានក្នុងការបង្កើនភាពជឿជាក់ និងទំនុកចិត្តទៅវិញទៅមក ទាំងក្នុងផ្នែកនយោបាយ, ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីការពារផលប្រយោជន៍ស្នូល និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីរួមចំណែកផងដែរដល់សន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ដែរថា ព្រឹត្តិការណ៍នេះ ជាការបង្កើតជាវេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរមួយ ក្នុងគោលបំណងរួមគ្នាបំផុសការយល់ដឹងពីគ្នាទៅវិញទៅមករបស់ប្រជាជន ជាពិសេសយុវជនអំពីប្រពៃណី និងវប្បធម៌ កសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ជំរុញកិច្ចសហការរវាងសហគ្រិនវ័យក្មេង ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ។
លើសពីការជួបជុំដើម្បីពិភាក្សា ផ្លាស់ប្តូរការយល់ឃើញរវាងអ្នកជំនាញមកពីប្រទេសទាំងពីរ មហោស្រពមិត្តភាពកម្ពុជា-ចិន ២០២៤ ក៏មានការថ្លែងសន្ទុរកថាគន្លឹះ ក៏ដូចជា ចែករំលែកទស្សនៈវិស័យពីវាគ្មិនជាតិ-អន្តរជាតិសំខាន់ៗ និងវេទិការធុរកិច្ចកម្ពុជា-ចិន ដែលផ្តល់ឱកាសឱ្យអ្នកជំនាញ និងសហគ្រិនមកពីប្រទេសទាំងពីរ ជជែកពិភាក្សាពីសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសកម្ពុជា-ចិន។ បន្ថែមពីលើនេះ ដើម្បីជំរុញឱ្យទទួលបានផ្លែផ្កាកាន់តែសកម្ម ក្នុងព្រឹត្តិការណ៍នេះ ក៏មានវេទិកាផ្គូផ្គងអាជីវកម្មដែលអនុញ្ញាតឱ្យក្រុមហ៊ុន រួមទាំងស្ថាប័ននានាអាចបង្ហាញផលិតផល សេវាកម្ម និងលក្ខណៈពិសេសរបស់ខ្លួន ដើម្បីស្វែងរកដៃគូវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ។
ភ្ជាប់ជាមួយគ្នានេះដែរ វេទិកាផ្លាស់ប្តូរយុវជន និងវប្បធម៌ ក៏នឹងត្រូវរៀបចំផងដែរ ដែលអ្នកជំនាញមកពីសាកលវិទ្យាល័យល្បីៗ រួមទាំងស្ថាប័នសំខាន់ៗនៃប្រទេសទាំងពីរនឹងពិភាក្សារួមគ្នាដើម្បីបង្ហាញការយល់ឃើញពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក ក៏ដូចជាពង្រឹងមិត្តិភាពរវាងយុជន ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយគ្នា។
ដើម្បីភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្និទ្ធស្នាលព្រឹត្តិការណ៍នេះ នឹងមានរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទនានាក្នុងតំបន់រមនីយដ្ឋានបេតិកភណ្ឌអង្គរ, សកម្មភាពដាំកូនឈើតំណាងមិត្តភាពកម្ពុជា-ចិននៅវិទ្យាល័យអង្គរ និងការរត់កំសាន្តដើម្បីមិត្តភាពកម្ពុជា-ចិន មុននឹងដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូចិន។
គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្តកើនឡើងឥតឈប់ឈរ ខណៈឆ្នាំ២០២៣ មានទំហំប្រមាណ ១១,៧ប៊ីលានដុល្លា កើនឡើងប្រមាណ ៤,០% ហើយរយៈពេល១១ខែ នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មបានកើនឡើងដល់ ១៣,២ប៊ីលានដុល្លា មានកំណើន ២៥,១% ដោយចិននៅតែបន្តឈានមុខគេលើការវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពដូចជា៖ ឧស្សាហកម្ម, កម្មន្តសាល, កសិកម្ម, កសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ជាទស្សនវិស័យទៅមុខ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងបន្តជំរុញពាណិជ្ជកម្ម, វិនិយោគនិងសេដ្ឋកិច្ចកម្ពុជា-ចិន ឱ្យកាន់តែមានសន្ទុះកំណើនថែមទៀត ៕ ដោយ គ្រី សម្បត្តិ