មេដឹកនាំ G7 អំពាវនាវឱ្យមានដំណើរការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនៅស៊ីរី

រ៉ូម ៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង៧ ឬហៅថា G7 កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំរដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad នាពេលថ្មីៗនេះ។

បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញដែលដឹកនាំដោយប្រធានាធិបតីអ៊ីតាលី មេដឹកនាំ G7 បានបង្ហាញក្តីសង្ឃឹមថា ការបញ្ចប់នៃរបបដឹកនាំរបស់លោកប្រធានាធិបតីស៊ីរី al-Assad នឹងបើកការផ្លាស់ប្តូរដោយសន្តិភាព និងរបៀបរៀបរយ តាមរយៈដំណើរការនយោបាយដែលរួមបញ្ចូលគ្នា។

មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍មួយរួចហើយកាលពីថ្ងៃមុន ដែលក្នុងនោះពួកគេបានអំពាវនាវឱ្យមានការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងបានរំលឹកឡើងវិញនូវការគាំទ្ររបស់ពួកគេ ចំពោះកងកម្លាំងសង្កេតការណ៍របស់អង្គការសហប្រជាជាតិ ដែលឃ្លាំមើលតំបន់ Golan Heights រវាងអ៊ីស្រាអែល និងស៊ីរី។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពួកយើងផ្តល់ការគាំទ្រពេញលេញ សម្រាប់ដំណើរការផ្លាស់ប្តូរនយោបាយ និងការគ្រប់គ្រងនៅស៊ីរី ដែលរួមបញ្ចូលទាំងស្មារតីគោរពគោលការណ៍ នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 2254។

ស្ថិតក្រោមក្របខណ្ឌខាងលើ មេដឹកនាំ G7 បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុគ្រោះដល់ដំណើរការផ្លាស់ប្តូរអំណាច ដែលនាំទៅរក អភិបាលកិច្ចដែលអាចជឿទុកចិត្តបាន រួមបញ្ចូល និងមិនមែននិកាយ ដែលធានានូវការគោរពចំពោះនីតិរដ្ឋ និងសិទ្ធិមនុស្សជាសកល រួមទាំងសិទ្ធិស្ត្រី និងការការពារប្រជាជនស៊ីរីទាំងអស់ រួមទាំងសាសនា និងជនជាតិភាគតិច រក្សាតម្លាភាព និងគណនេយ្យភាព៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner