ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ អាជ្ញាធរដែនដី ត្រូវ​ចាត់ការបិទទីតាំងអាជីវកម្មសុខាភិបាលភ្លាមៗ នៅពេលដឹងថា បើកដោយ​គ្មានច្បាប់អនុញ្ញាតិ

(ភ្នំពេញ)៖ លោក ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​បានអំពាវនាវដល់មន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ ខណ្ឌ ព្រមទាំង បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់, អាជ្ញាធរដែនដីខណ្ឌ,​សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្ម​សុខាភិបាល​ណា​ដែល​ខុសច្បាប់ ព្រោះយើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់​ដឹកនាំរួចហើយ ។

ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយ័តកម្មសុខាភិបាល នារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៤នេះ លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាល​ឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ខ្នាតតូចមាន មាន​ចំនួន​​សរុប ៣.៨៤៧ ទីតាំង,ស្ថិតិឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន ១៨០៣កន្លែង, អាគារលក់ឱសថបូរាណមាន ៩២ទីតាំង ។

ឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញដែលបាន​អញ្ជើញជា​អធិបតី​នាពេលនោះ មានប្រសាសន៍ថា អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាច​ផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្តនោះជាអំពើខុសច្បាប់ ។

ឯកឧត្តមបន្តថា កន្លងមកយើងបានទប់ស្កាត់សេវាសុខាភិបាល​ឯកជន​ខុស​ច្បាប់ជាហូរហែរ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌល​កែសម្ផស្សខុសច្បាប់ជាដើម។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញបានក្រើនរំលឹកដល់អស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤សង្កាត់ទាំង១០៥និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យ​ឡើងវិញ​មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលបាន​ចែងក្នុង​ការ​ណែ​នាំនិងផ្សព្វផ្សាយស្តីពីការពង្រឹងនិយ័តកម្មសុខាភិបាលឯកជននៅ​រាជធានីភ្នំពេញ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner