ម្ចាស់មេដាយមាសស៊ីហ្គេម ម៉ែន សុផានិត បានក្លាយជាដៃគូផ្សព្វផ្សាយក្លិបប៊ីយ៉ា Lux98 ជាមួយសម្ភារៈហ្វឹកហាត់កម្រិតស្តង់ដារ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករស្នូកឃ័រជម្រើសជាតិកម្ពុជា ម៉ែន សុផានិត ត្រូវបានជ្រើសរើសជាតំណាងផ្សព្វផ្សាយរបស់ក្លិបកីឡាស្នូកឃ័រ និងប៊ីយ៉ា Lux98 Billiard ដែលបានផ្តល់ជូននូវសម្ភារៈហ្វឹកហាត់ទំនើបកម្រិតស្តង់ដារអន្តរជាតិមានដូចជាតាបប៊ីយ៉ាយីហោLegend Billiardជាដើម។

កិច្ចសហការក្នុងភាពជាដៃគូផ្សព្វផ្សាយនេះ បានធ្វើនៅល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ នៅក្នុងក្លឹបកីឡាប៊ីយ៉ា Lux98។

កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានថ្លែងបញ្ជាក់ថា កក្តាដែលនាំឱ្យក្លឹបជ្រើសរើសយកកីឡាជម្រើសជាតិ ម៉ែន សុផានិត ជាតំណាងផ្សព្វផ្សាយឲ្យក្លិប ដោយមើលឃើញថា កីឡាករប៊ីយ៉ារូបនេះមានសមត្ថភាពទេពកោសល្យ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរហូតទទួលបានមេដាយមាសស៊ីហ្គេម និងមេដាយមាសការប្រកួតប៊ីយ៉ាថ្នាក់ជាតិជាច្រើនផងដែរ។

កញ្ញា ប្រធានក្លឹប បានគូសបញ្ជាក់ទៀតថា ក្នុងភាពជាដៃគូផ្សព្វផ្សាយនេះ កីឡាករ ម៉ែន សុផានិត និងត្រូវផ្តល់ជូននូវសម្ភារៈហ្វឹកហាត់ទំនើបៗស្តង់ដារអន្តរជាតិ ក្នុងនោះសម្រាប់ការហ្វឹកហាត់ពង្រឹងអភិវឌ្ឍន៍សមត្ថភាព ក្លឹបបានផ្តល់ជូនតាបប៊ីយ៉ាយីហោLegend Billiard ដែលជាម៉ាកល្បីរបស់ប្រទេសចិននាំចូលផ្តាច់មុខដោយ Lux98 ។ ការផ្តល់ជូននេះគឺដើម្បីអភិវឌ្ឍ ដុសខាត និងសម្រួចសមត្ថភាពសម្រាប់ត្រៀមការប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេស។ ហើយក្រៅពីការហ្វឹកហាត់ផ្ទាល់ខ្លួន កីឡាករ ម៉ែន សុផានិត ក៏នឹងជួយបណ្តុះបណ្តាលថ្នាលយុវជនជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តក្លាយជាអត្តពលិកអាជីព។

យុវជនទាំងនៅរាជធានីភ្នំពេញ និងមកតាមពីបណ្តាខេត្តនានា ប្រសិនបើចង់ហ្វឹកហាត់កីឡាស្នូកឃ័រ និងប៊ីយ៉ាក្លាយជាអាជីពគឺអាចមកហ្វឹកហាត់នៅក្លិបរបស់កញ្ញាបាន។ ក្លិបផ្តល់ជូនគ្រូបង្ហាត់ និងទីកន្លែងហ្វឹកហាត់ដោយឥតគិតថ្លៃ ប៉ុន្តែការចំណាយផ្សេងៗទទួលខុសត្រូវដោយខ្លួនឯង។

កញ្ញា ហេង ចាង សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ វិស័យកីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ និងនាំមេដាយជូនជាតិ។
ជាមួយគ្នានេះ កីឡាករ ម៉ែន សុផានិត បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួ លបានការងារដ៏សំខាន់ដែលរួមចំណែកជួយដល់វិស័យកីឡាស្នូកឃ័រ និងប៊ីយ៉ានៅកម្ពុជា។ កាលពីមុនលោកហ្វឹកហាត់នៅតាបប៊ីយ៉ាមិនសូវត្រូវតាមកម្រិតស្តង់ដាអន្តរជាតិ ដូច្នេះនៅពេលចេញទៅប្រកួតនៅក្រៅប្រទេសដែលមានតាបទំនើបស្តង់ដាគឺបានធ្វើឲ្យលោកហាក់ដូចជាថ្មីប្លែក។

សុផានិតថា ឱកាសក្លាយជាអ្នកផ្សព្វផ្សាយប្រចាំក្លឹបLux98 Billiard និងធ្វើឱ្យរូបគេ មានសម្ភារៈហ្វឹកហាត់ទំនើបត្រូវតាមស្តង់ដារគឺធ្វើឲ្យសមត្ថភាពរបស់គេកាន់តែរីកចម្រើន។ ជាពិសេសពេលចេញទៅប្រកួតនៅក្រៅប្រទេសគឺធ្វើឱ្យគេកាន់តែមានទំនុកចិត្តក្នុងការលេងនៅលើតាបដែលយើងហ្វឹកហាត់រាល់ថ្ងៃ។ កីឡាករ ម៉ែន សុផានិតថា ខ្លួនអរគុណណាស់ដែលក្លិបបានផ្តល់តម្លៃដល់ខ្លួនក្នុងនាមជាកីឡាករអាជីពម្នាក់នៅកម្ពុជា។

តាមកិច្ចសហការជាដៃគូនេះ កីឡាករ ម៉ែន សុផានិត នឹងមានបេសកកម្មផ្សព្វផ្សាយពីកីឡាស្នូកឃ័រ និងប៊ីយ៉ានៅក្នុងប្រទេសកម្ពុជាតាមរយៈក្លិប Lux98 Billiard ដែលមានតាបប៊ីយ៉ា Legend Billiard ឲ្យយុវជនបានស្គាល់ ដឹង និងចាប់អារម្មណ៍លេងកីឡានេះ។

គួរឱ្យដឹងដែរថា កីឡាករស្នូកឃ័រជម្រើសជាតិកម្ពុជា ម៉ែន សុផានិត គឺជាម្ចាស់មេដាយមាសកីឡាប៊ីយ៉ានិងស្នូកឃ័រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្រៅពីនោះ លោក ក៏ជាម្ចាស់មេដាយមាសកីឡាជាតិ ឆ្នាំ២០២៤ និងមេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដែលទើបតែបញ្ចប់កាលពីពេលថ្មីនេះផងដែរ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner