បណ្ឌិត ហែម ប្រសើរ អំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជនកុំជឿតាមការញុះ​ញង់​ឃោសនារបស់ទណ្ឌិត សម រង្សី

ភ្នំពេញ៖ បណ្ឌិត  ហែម ប្រសើរ ប្រធានសម្ព័ន្ធភាព​បណ្តុំ​សមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជននិងសមាជិករបស់ខ្លួនទាំងអស់  ជៀសឱ្យឆ្ងាយ កុំជឿលុងតាមការញុះ​ញង់តាម​ការ​ឃោសនារបស់ទណ្ឌិត សម រង្សី ឬក៏ក្រុមប្រឆាំងក្រៅច្បាប់  ធ្វើសកម្មភាពណាមួយដែលធ្លាក់ចូលទៅក្នុងរូបភាពសកម្មភាពផ្ការីក  ដែលអាចឱ្យបងប្អូនរងគ្រោះ ទទួល​នូវ​ទោស​ទណ្ឌ ដោយខ្លួនមិនបានដឹងមុន។ ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលជនក្បត់ជាតិ៣ជំនាន់ បាននិងកំពុងធ្វើយុទ្ធនាការផ្ការីកញុះញងប្រជាពលរដ្ឋ និងកងកម្លាំងជាតិឱ្យងើបឈរបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

បណ្ឌិតបានបន្តថា ដូចប្រទេសណា ប្រជាជនណា ក៏ដូចជាប្រជាជនណាដែរ គឺទាំងអស់គ្នាតែងចង់មានក្តីសុខ ចង់មានការរីកចម្រើន ចង់បានសុភមង្គលនៅក្នុងគ្រួសារ មានការស្រឡាញ់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ពោលចំណុច ទាំងអស់នេះហើយទើបស័ក្តិសមជាពលរដ្ឋដែលមាន សេចក្តីថ្លៃថ្នូរក្នុងនាមមនុស្សជាតិលើសកលលោក។ ប៉ុន្តែដោយឡែកអ្វីសម្រាប់ទឹកដីរបស់កម្ពុជាយើងវិញ បែរជារងគ្រោះម្តងហើយម្តងទៀត ព្រោះតែគំនិត ទុច្ចរិត របស់ទណ្ឌិត សម រង្សី ដែលតែងតែព្យាយាម ញុះញង់ មនុស្សជាតិឯងឱ្យដុតរោលប្រទេសរបស់ខ្លួន ធ្វើយ៉ាងណាចង់ឃើញប្រទេសខ្លួនមានការបែកបាក់និរាសព្រាត់ប្រាសគ្នា ឱ្យមានពលរដ្ឋមានស្នាមទឹកភ្នែក ជាថ្នូរដើម្បីខ្លួនចង់បានអំណាចជាអ្នកដឹកនាំប្រទេស។

បណ្ឌិត ហែម ប្រសើរ បានបន្តថា ជាក់ស្តែង អ្នកនយោបាយប្រឆាំងជាច្រើនមិនថាប្រទេសអាស៊ី ឬក៏អ៉ឺរ៉ុបនោះឡើយ ជាពិសេសគឺសហរដ្ឋអាមេរិក ពោលគឺមិនធ្លាប់មានអ្នកនយោបាយប្រឆាំងណាមួយ ញុះញង់ឱ្យប្រជាជនខ្លួនក្រោកប្រឆាំងធ្វើបដិវត្តន៍ផ្ការីកផ្តួលរំលំរដ្ឋាភិបាលរបស់គេនោះឡើយដែរ។ ជាក់ស្តែងប្រសិន បើអាមេរិកមានអ្នកនយោបាយគំនិតទុច្ចរិត បែបទណ្ឌិត  សម  រង្សី ញុះញង់ឱ្យប្រជាជនក្រោកប្រឆាំង ផ្តួលរំលំរដ្ឋាភិបាលដូចទណ្ឌិត សម រង្សី ច្បាស់ណាស់ ប្រទេសអាមេរិក ក៏ប្រាកដជាមិនទុកឱ្យមនុស្សពាលបែប នេះឱ្យរស់ នៅបានយ៉ាងស្រួលដូច សម រង្សី កំពុងស្រែកញុះ ញង់មនុស្សជាតិនោះដែរ។

លោកបណ្ឌិត បានបន្តថា ក្នុងនាមជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការ សង្គមស៊ីវិល មានសមាជិកជិត៣០ស្ថាប័នសមាគមអង្គការ សូមសំណូមពរដល់បងប្អូនជនជាតិទាំងអស់ជាពិសេសផងនោះគឺសមាជិក សមាជិការបស់សមាគមអង្គការដែលចំណុះឲ្យសម្ព័ន្ធភាពទាំងអស់ សូមធ្វើយ៉ាងណាជៀសឱ្យបានឆ្ងាយ កុំមានជឿលង់តាមការញុះញង់តាមការឃោសនារបស់ទណ្ឌិត សម រង្សី ឬក៏ក្រុមប្រឆាំង ក្រៅច្បាប់ ធ្វើសកម្មភាពណាមួយដែលធ្លាក់ចូលទៅក្នុងរូបភាពសកម្មភាពផ្ការីក ដែលអាចឱ្យបងប្អូនរងគ្រោះ ទទួលនូវទោសទណ្ឌដោយខ្លួនមិនបានដឹងមុន។

បណ្ឌិតបញ្ជាក់ថា ចាប់ពីពេលនេះតទៅ​ក្រោមដំបូលសន្តិភាព ច្បាស់ណាស់បងប្អូនខ្មែរគ្រប់រូបអាចនឹងមានភាពរីកចម្រើន ទាំងសេដ្ឋកិច្ចជីវភាព ជាពិសេសនៅតាមគ្រួសារនីមួយៗ គឺអាចនឹងទទួលបានស្នាមញញឹម ពីគ្នាទៅវិញទៅមកពោពេញដោយសុភមង្គល៕
ដោយ៖ពលជ័យ

ads banner