ពិភពលោកសម្ញែងសព្វាវុធសង្គ្រាមទំនើបៗនៅវៀតណាម
ហាណូយ ៖ ក្រុមហ៊ុន និងសហគ្រាសជាង២០០ មកពី៣០ប្រទេសទូទាំងពិភពលោក បានបញ្ចេញសព្វាវុធសង្គ្រាមទំនើបៗរៀងខ្លួន នៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១៩ ដល់២២ ខែធ្នូ នៅឯព្រលានយន្តហោះ Gia Lam ក្នុងទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។
នេះជាលើកទី២ហើយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិនេះ បន្ទាប់ពីលើកមុនធ្វើឡើងនៅឆ្នាំ២០២២។ វាជាព្រឹត្តិការណ៍សំខាន់មួយ ពីព្រោះធ្វើឡើងចំពេលប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (VPA) និងខួបលើកទី៣៥ នៃពិធីបុណ្យការពារប្រជាជនទាំងអស់ (ថ្ងៃទី២២ ខែធ្នូ)។
សព្វាវុធដែលគួរឱ្យកត់សម្គាល់នោះ គឺមីស៊ីលបាលិស្ទីក R-17E ជាមីស៊ីលដ៏មានអនុភាពបំផុតរបស់សហភាពសូវៀត។ មីស៊ីលប្រភេទនេះត្រូវបានផលិតប្រហែល ៧,០០០គ្រាប់ ហើយវៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានមីស៊ីលប្រភេទនេះដល់ទៅរាប់សិបគ្រាប់ ដែលផ្គត់ផ្គង់ដោយសហភាពសូវៀតក្នុងឆ្នាំ ១៩៨១។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។ មីស៊ីល R-17E អាចហោះក្នុងល្បឿន ៤.៩៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបាញ់ក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ។
សារព័ត៌មាន Vietnam plus បានឱ្យដឹងថា ពិព័រណ៍ដែលលាតសន្ធឹងនៅលើផ្ទៃដីសរុបជាង ១០០,០០០ម៉ែត្រការ៉េ និងមានរយៈពេល៤ថ្ងៃ ដែលក្រសួងការពារជាតិវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកសមិទ្ធិផល និងបទពិសោធន៍ក្នុងការស្រាវជ្រាវ, ផលិត, ប្រើប្រាស់សព្វាវុធ និងឧបករណ៍យោធាទំនើបៗ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ ក្នុងចំណោមប្រទេសដែលចូលរួម។
ពិព័រណ៍ការពារជាតិអន្តរជាតិនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “វៀតណាម – សន្តិភាព – កិច្ចសហប្រតិបត្តិការ – អភិវឌ្ឍន៍” ហើយក៏មានការសម្តែងដោយមន្ត្រី និងទាហាន ២,០០០នាក់មកពីកងទ័ពប្រជាជនវៀតណាម (VPA) និងដោយកងកម្លាំងទ័ពអាកាស កម្លាំងពិសេស ឆ្មាំកិត្តិយស ឆ្កែបម្រើយោធា និងអង្គភាពផ្សេងៗទៀត៕
ប្រភព ៖ VNExpress និង Vietnam Plus ប្រែសម្រួល ៖ ឈឹម ទីណា