ក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យប្រុងប្រយ័ត្នចំពោះជំងឺ Norovirus

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ជារៀងរាល់ឆ្នាំ នៅលើសកលលោក មាន ៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់» ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ៖ «រោគសញ្ញា» ជំងឺ Norovirus ដូចជា រាក ក្អួត ចង្អោរ ចុកពោះ អាចក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។កើតច្រើនក្នុងប្រទេសមានរដូវត្រជាក់ ហើយវីរុសនេះ អាចមានផ្ទុកក្នុងអាហារសមុទ្រ ជាពិសេស អយស្ទ័រ។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស ។

ចំពោះរបៀបចម្លង មានដូចជា៖ វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ។ ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ ។ ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់ ។ អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ ។

របៀបបង្ការ រួមមាន៖ ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់, សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ, ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ, ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner