យុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសន្តិភាព និងធ្វើការថ្កោលទោសចំពោះចលនាផ្ការីកបែប «ភេរវកម្ម»
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយ មេដឹកនាំយុវជនសង្គមស៊ីវិល លោក ហេង សំណាង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ បានជួបជុំគ្នាសមាជិកសមាជិកា តំណាងប្រធានផែន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ជាច្រើនរូប រៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧។
ការរៀបចំនៃយុទ្ធនាការ «ផ្ការីក» នេះ គឺឆ្លើយតបទៅនឹងទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស ដែលតែងតែបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌តាមផែនការរបស់ខ្លួន «ផ្ការីក»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកខ្លឹមសារ «ផ្ការីកនាំមកនូវសន្តិភាព និងការអភិវឌ្ឍក្រោមដំបូលសន្តិភាពសម្តេចតេជោ ហ៊ុន សែន» និងខ្លឹមសារ ថ្កោលទោសចំពោះ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ បង្កើតចលនាជាតិតស៊ូ ផ្ការីក ផ្ការោយ ពីមុន ចលនាព្រះអាទិត្យរះ ព្រះអាទិត្យលិច បច្ចុប្បន្ន លិចលែងរះ និងរោយលែងរីក។
នាឱកាសនោះ លោក ហេង សំណាង បានថ្លែងថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានចរិតជា «ភេរវកម្ម» ដែលយករូបមន្ត «ផ្ការីក» បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្ករជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល។
លោកសង្កត់ធ្ងន់ទៀតថា «ដូច្នេះ ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំយុទ្ធនាការ«ផ្ការីក»នេះ ដើម្បីបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពសង្គម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់របសគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន»។
ក្នុងនាមជាមេដឹកនាំយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានធ្វើការថ្កោលទោសដល់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី យ៉ាងដាច់អហង្ការ ដែល តែងតែបង្កើតបំផុសញុះញង់ឱ្យ ប្រជាពលរដ្ឋធ្វើបដិវដ្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលសកម្មភាពនេះ គឺជាចរិតនយោបាយខ្វៅកខ្វក់ និងជា«ភេវរកម្ម» មិនអាចអត់ឱនបានជាដាច់ខាត។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើ និងអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជាពិសេសសកម្មជនដែលមាននិន្នាការជ្រុលនិយម សូមកុំចាញ់កល ចូលស៊ង បោកបញ្ឆោត នូវនយោបាយខ្មៅកខ្វក់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ព្រោះអាចបណ្តាលឱ្យមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕
ដោយ៖ពលជ័យ