កម្ពុជា បន្តជាប់ឆ្នោតជាសមាជិកអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦
(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា បានបន្តជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការ សហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ ដើម្បីដើរតួនាទី យ៉ាងសំខាន់ ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា
ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពី ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។
គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេស ដែលឆ្លងកាត់សង្គ្រាម និងជម្លោះ ឈានទៅរកសន្តិភាព ។
ប្រភពបញ្ជាក់ថា ៖ “ការជាប់ឆ្នោតរបស់កម្ពុជា ក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍ អន្តរជាតិចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុជា ក្នុងវិស័យការទូត និងការកសាងសន្តិភាព” ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពី សារៈសំខាន់ នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៩០០០នាក់ ដើម្បីបម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ចំនួន១១ ដែលក្នុងនោះមានស្ត្រីជាង៨០០នាក់ ដែល ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ពិភពលោក ។
ប្រភពបានបន្តថា ការប្រែក្លាយខ្លួនរបស់កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម រហូតទទួលបាន សន្តិភាពយូរអង្វែង ជាពិសេសបន្ទាប់ពីរបបខ្មែរក្រហម ក៏បានផ្តល់នូវមេរៀន និងការយល់ដឹងដ៏ មានតម្លៃ ចំពោះដំណើរការនៃការបង្រួបបង្រួមជាតិ ការកសាងប្រទេស និងកិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាព ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងទៀតថា ក្នុងឱកាសដែលកម្ពុជាទទួលយកនូវតួនាទីថ្មីដ៏សំខាន់នេះ កម្ពុជាសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ ។
ក្រសួងការបរទេសបានអះអាងា កម្ពុជានឹងបន្ត ដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពជាសាកល និងរួមចំណែកដល់ ការលើកកម្ពស់អនាគតដែលប្រកបសន្តិភាព សុវត្ថិភាព និងវិបុលភាព សម្រាប់ទាំងអស់គ្នា ៕
ដោយ ៖ សួង ពិសិដ្ឋ