អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យសមត្ថកិច្ចបង្កើនលើកា​រអង្កេតមុខសញ្ញានិងទប់ស្កាត់ការជួញដូរមនុស្ស ខណៈប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស

បន្ទាយមានជ័យ៖ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ខួបលើកទី១៨ ក្រោមប្រធានបទ៖” កម្ពុជា​ប្រឆាំង​ដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ​ក្នុងសម័យឌីជីថល” កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជំរុញឱ្យកម្លាំងសមត្ថកិច្ច​នៅតាមព្រំដែន​បង្កើនលើការ​អង្កេតមុខ​សញ្ញាមេខ្យល់ ក៏ដូចជាទប់ស្កាត់នូវការជួញដូរមនុស្ស ។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកចូលរួមមាន​សមាសភាព​ចម្រុះថា ​ទិវានេះបានបង្ហាញនូវការរួបរួមសាមគ្គីពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងឆន្ទៈតែមួយហើយមាន ភារកិច្ច​ប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស​គ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល ។

លោកបានបន្ថែមថា រឿង ចាំបាច់មិន​អាចខ្វះបាន ការផ្សព្វផ្សាយ​ការយល់ដឹងអំពីស្ថានភាពនិងទម្រង់ផ្សេងៗនៃបទល្មើស ជួញដូរ​មនុស្សនិងអំពើ​ពាក់ព័ន្ធដទៃ​ទៀត កល​ល្បិចជនល្មើស ព្រមជាមួយ​នឹងវិធីសាស្ត្របង្ការឱ្យទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់​និងការពារខ្លួន និង​ការពារសហគមន៍ឱ្យរួចផុតពីភាពរងគ្រោះ​ទាំងអស់​នេះ ។

ជារឿយៗខេត្តបន្ទាយមានជ័យដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ តែងតែកើតឡើងជាញឹកញាប់នូវសកម្មភាពនាំពលករឆ្លងដែន​ដោយ​ខុសច្បាប់ និងអំពើបោកប្រាស់ពីពលករដែលស្វែងរកការងារធ្វើ ។

ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់​លំដាប់​ថ្នាក់ កម្លាំង សមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តបំពេញភារកិច្ច​តាមតួនាទី ខិតខំតាមដានបាតុភាពនិងបទល្មើសផ្សេងៗ​ឱ្យបាន​ជាប្រចាំ។ពិសេស​សមត្ថកិច្ច​នៅ​តាមបណ្តាអង្គភាពត្រួត​ពិនិត្យច្រក​ទ្វារព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការ​ទទួល​ខុសត្រូវ ដោយ​យកចិត្តទុកដាក់ គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់​ព្រំដែនគ្រប់ទីតាំងឱ្យបានគត់ម៉ត់ ដើម្បីទប់ស្កាត់មូលហេតុ រួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗ.

តាមរបាយការណ៍របស់លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជា​ប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ បានបង្ហាញ​លទ្ធផល​នៃការអនុវត្ត​ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សថ្នាក់ខេត្តក្នុងឆ្នាំ ២០២៤។លោកស្រីបញ្ជាក់ថា គិតត្រឹម​ខែតុលាកន្លងទៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ ខេត្ត បានប្រតិបត្តិការតាមយុទ្ធសាស្ត្រ ទាំងបួន នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ ២០២៤-២០២៨ រួមមាន៖ការអប់រំ ,ការផ្សព្វផ្សាយ​ដោយផ្ទាល់ និងតាមបណ្ដាញសង្គម ​និងកម្មវិធីនានា មានទាំងយុទ្ធនាការ តាមរយៈ​កិច្ច​ប្រជុំ និងវេទិកា​ផ្សព្វផ្សាយ​សាធារណៈ ការអនុវត្តគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព។

លោកស្រីបន្តថា ក្នុងរយៈពេល ១០ខែនៃឆ្នាំនេះសមត្ថកិច្ចនគរ​បាល​យុត្តិធម៌ បានបង្ក្រាបបទ ល្មើសពាក់ព័ន្ធ​នឹងច្បាប់​ស្តីពី​ការបង្ក្រាបអំពើ​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន៤៤ករណី​ធៀបនឹងឆ្នាំ២០២៣កើនឡើង១៨ករណី ស្មើ៤១ភាគរយ ដោយ​បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨ នាក់ (ស្រីមួយនាក់, អនីតិជន​៣នាក់)។ដោយឡែក​ស្ថាប័ន​តុលាការ និងអយ្យការអមសាលា​ដំបូង​ខេត្ត បានចំណាត់ការលើរឿងក្តីពាក់ព័ន្ធ នឹងច្បាប់ស្តីពីការ​បង្ក្រាប​អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទយ៉ាងសកម្ម និង​បានពន្លឿនទៅតាមនីតិវិធីផងដែរ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner