អភិបាលខេត្តមីយ៉ាហ្គិ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយកម្ពុជា

(ភ្នំពេញ)៖ អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមអភិបាលខេត្តបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ, ឯកឧត្តមអភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន, ឯកឧត្តមប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរ ចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០, ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុនទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ នៅប្រទេសជប៉ុន។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត, បច្ចេកវិទ្យា និង ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុនទាំងនាពេលបច្ចុប្បន្ន និងអនាគត។

សម្ដេចបវរធិបតីក៏បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តមីយ៉ាហ្គិ បន្តភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដេីម្បីដាក់ចេញជាផែនការអភិវឌ្ឍជាក់ស្ដែង នាថ្ងៃអនាគត៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner