បេក្ខជនចំនួន ៨១នាក់បានប្រឡងជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករុនតាឯក និងពាក់ស្នែង

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ចើញដើម្បីពិនិត្យការផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសមន្ត្រីរើសរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ។

បេក្ខជនចំនួន ៨១នាក់បានប្រឡងជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករុនតាឯក និងពាក់ស្នែង។ ក្នុងនោះ ៣៦នាក់ ស្រី ២៤នាក់ ជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និង ៤៥នាក់ ស្រី ២៨នាក់ ជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង ។

សូមជម្រាបថា ៖ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួស នឹងត្រូវ អនុវត្តសម្រាប់ប៉ុស្តិ៍ដែលមិនមានបេក្ខជនជាប់ដោយពិន្ទុក្រោមមធ្យមភាគ ឬបេក្ខជនជាប់ជាស្ថាពរបានបោះបង់ក្របខណ្ឌ ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបតាមជំនាញរបស់បេក្ខជនជាប់បម្រុងក្នុងក្របខណ្ឌទូទាំងប្រទេស និងគោលការណ៍ ស្ម័គ្រចិត្ត។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។

គួររំលឹកផងដែរថាការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ” ។ រាល់ការជ្រើសរើសមន្រ្តីរាជការទាំងអស់គឺឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពនេះ សំដៅធ្វើយ៉ាងណាឱ្យបេក្ខជនទទួលបានសិទ្ធិស្មើៗគ្នា និងមានឱកាសច្រើន ជាពិសេសរក្សាពាក្យស្លោក«ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner