ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ។ គ្រូតាក់តែងវិញ្ញាសាបានចាប់ផ្តើមតាក់តែងវិញ្ញាសាពីម៉ោង ៦ព្រឹក សម្រាប់ការប្រឡងនាម៉ោង១២:៣០ នាទីរសៀល។”

ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ក្នុងពេល កាត់វិញ្ញាសារប្រឡងមន្ត្រីពន្ធដារ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនបេក្ខជនថា ជាចេតនា នៅរាល់សន្លឹកកិច្ចការនីមួយៗតែងតែមានហត្ថលេខារបស់ឯកឧត្តម ដោយហត្ថលេខាតាមទំព័រនីមួយៗមិនមានសភាពដូចគ្នានោះទេ។ ខណៈដែលវិញ្ញាសាទី១ នេះកំពុងដាក់ជូនបេក្ខជនប្រឡង វិញ្ញាសាសម្រាប់វេនទី២ ក៏កំពុងដំណើរការតាក់តែងស្របពេលជាមួយគ្នាដែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចូលរួមចំនួន ៥៦៩៤ នាក់ បើតាមការគ្រោងទុក។ មានតែបេក្ខជនដែលប្រឡងជាប់ដំណាក់នេះតែប៉ុណ្ណោះទើបអាចបន្តទៅប្រឡងដំណាក់កាលទី២ ជាបន្ត។

គួរបញ្ជាក់ថា ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ” ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា




