ប្រដាល់សកល ជើងឯកថ្នាក់ជាតិ កើនឡើងទាំងកីឡាករ និងគុណផលកាន់តែខ្ពស់
(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកល ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ដោយក្លឹបក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ខណៈឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានវាយតម្លៃខ្ពស់ អំពីការកើនគុណផល ទាំងកីឡាករជម្រើសជាតិ និងតាមក្លិប ។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យដ៏ធំសម្រាប់ការៀបចំជើងឯកថ្នាក់ជាតិឆ្នាំនេះ ដ្បិតចំនួនអត្តពលិក និងក្លិបចូលរួមកើន ៥០% ហើយសហព័ន្ធក៏បានផ្ដល់ការឧបត្ថម្ភដល់កីឡាករ-កីឡាការិនីជយាលភី និងក្លឹបកាន់តែច្រើន។ ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះផ្តោតសំខាន់ខ្លាំងដល់ថ្នាលយុវជនបានចូលរួមប្រកួតតែម្ដង ដើម្បីបណ្តុះបណ្តាលធនធានឱ្យកាន់តែសម្បូរបែប ត្រៀមឆ្ពោះទៅគោលដៅ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខ នៅកម្ពុជា ។
គួរបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ២០២៤ មានកីឡាករ-កីឡាការិនី ១៤៥នាក់ មកពី ៣០ សមាគម/ក្លឹប-រាជធានី/ខេត្ត និង៣ក្រសួងចូលរួម ដែលកើនឡើង ៥០% បើធៀបកាលពីឆ្នាំមុន។ ចំពោះលទ្ធផលបច្ចេកទេស គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ សរុបមេដាយមាស ៥គ្រឿង, ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស ៣ និងប្រាក់ ៤ សរុប ៧គ្រឿង។ ក្លិបបញ្ជាការដ្ឋានកាំភ្លើងធំ ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤ ។ ក្លិបខេត្តកំពង់ឆ្នាំង ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងក្លិបអន្លង់ភូមិមានជ័យ ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿងផងដែរ៕









ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ