កម្មករនិយោជិត និងនិយោជក ៖ ប្រសិនបើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគបរទេសចូលមកកម្ពុជា និងការងាររាប់លានកន្លែងដល់ពលរដ្ឋនោះដែរ

(ភ្នំពេញ)៖ កម្មករនិយោជិត និងនិយោជក បានលើកឡើងថា សន្តិភាពនៅកម្ពុជាបាននាំមកនូវឱកាសការងារដល់ពលរដ្ឋកម្ពុជា សន្តិភាពបាននាំមកនូវការវិនិយោពីបរទេសចូលមកកម្ពុជា សន្តិភាពនាំមកនូវការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម។ ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការងាររាប់លានកន្លែង រួមទាំងការវិនិយោគបរទេសចូលមកកម្ពុជានោះដែរ។

ការលើកឡើងរបស់កម្មករនិយោជិត និងនិយោជកបែបនេះ គឺអំឡុងពេលដែលប្រជាជាតិកម្ពុជាទាំងមូលបាននាំគ្នាប្រារព្ធពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។

កញ្ញា សោម ស៊ីថូ ជាកម្មកររោងចក្រមកពីរាជធានីភ្នំពេញលើកឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលបានចូលរួមកម្មវិធីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃដ៏មានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សន្តិភាពបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់ពលរដ្ឋកម្ពុជា ជាពិសេសការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមដូចពេលបច្ចុប្បន្ន។
កញ្ញាមើលឃើញថា សម្រាប់កម្មករនិយោជិត សន្តិភាពមាននៅគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងនោះនៅកន្លែងធ្វើការរបស់ខ្លួនក៏មានសន្តិភាពផងដែរ ពោលគឺការធ្វើការងារមួយប្រកបដោយភាពសុខដុមនីយកម្ម ភាពរីករាយ គ្មានជម្លោះ ទំនាក់ទំនងដូចបងប្អូនរវាងនិយោជិត និងនិយោជក។ ការដោះស្រាយបញ្ហាបន្តិចបន្តួចនៅក្នុងរោងចក្រប្រកបដោយសន្តិវិធីដូចគ្រួសារតែមួយ។ កញ្ញាបន្ថែមថា កត្តាសន្តិភាពដែលរកបានដោយលំបាកពីប្រមុខថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យសង្គមជាតិមានឱកាសក្នុងការអភិវឌ្ឍ បង្កើតឱកាសការងាររាប់លានកន្លែងដល់ពលរដ្ឋកម្ពុជា និងកម្មករនិយោជិត។ ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជានេះហើយ គឺបានមកពីកត្តាសន្តិភាព សន្តិភាពពាំនាំមកនូវស្នាមញញឹមដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករនិយោជិតនៅទូទាំងប្រទេស។

ចំណែកលោកស្រី សួន សារិត ជាកម្មករនិយោជិតម្នាក់ទៀតមកពីរាជធានីភ្នំពេញបានគូសបញ្ជាក់ថា សន្តិភាពនៅកម្ពុជាគឺត្រូវរកបានដោយលំបាកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់។ សូមអរគុណគុណូបការៈរបស់ថ្នាក់ដឹកនាំទាំងអស់ដែលលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា។ កម្មការិនីរូបនេះមើលឃើញថា ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានឱកាសការងារសម្រាប់ពួកគាត់ដែរ ប្រសិនបើគ្មានសន្តិភាព ក៏គ្មានឱកាសសម្រាប់កម្មករធ្វើការទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារដែរ, ប្រសិនបើគ្មានសន្តិភាព ក៏គ្មានសិទ្ធិសេរីភាពសម្រាប់ពួកគាត់ដល់សព្វថ្ងៃដែរ។ សន្តិភាពមានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា សន្តិភាពផ្តល់នូវលទ្ធផលផ្លែផ្កាដល់បងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា។

ដោយឡែក លោក មៃ សុខុន អនុប្រធានផ្នែករដ្ឋបានរោងចក្រ Marvel  Garment រាជធានីភ្នំពេញបានលើកឡើងថា សន្តិភាពជាកត្តាចាំបាច់បំផុតសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា សន្តិភាពជាចំណុចដំបូងបំផុតដែលអ្នកវិនិយោគបរទេសសម្លឹងមើលមុននឹងសម្រេចចិត្តមកធ្វើការរកស៊ីនៅប្រទេសកម្ពុជា។ តំណាងរោងចក្ររូបនេះមើលឃើញថា សន្តិភាពនៅកម្ពុជាបាននាំមកនូវការវិនិយោគិនពីបរទេសជាច្រើននារយៈកាលប្រមាណជាង២០ឆ្នាំមកនេះ។ បើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគិនពីបរទេសដូចសព្វថ្ងៃដែរ, បើគ្មានសន្តិភាពនោះក៏គ្មានការងាររាប់លានកន្លែងសម្រាប់ពលរដ្ឋ, បើគ្មានសន្តិភាព នោះក៏គ្មានសិទ្ធិសេរីភាពដូចសព្វថ្ងៃផងដែរ។ លោកថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលខិតខំលះបង់កម្លាំងកាយចិត្តដើម្បីពាំនាំមកនូវសន្តិភាពដល់ប្រជាជាតិខ្មែរដូចសព្វថ្ងៃ។

គួរបញ្ជាក់ថា «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ក្នុងនោះដើម្បីអបអរទិវាដ៏មានតម្លៃនេះផងដែរ ក៏មានការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ជាការកត់សំគាល់ មានមហាជន បងប្អូនកម្មករនិយោជិត យុវជន សិស្សនៃវិទ្យាស្ថានបច្ចេកទេស TVET យ៉ាងច្រើនកុះករបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនាពេលនេះ គឺដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner