នាយករដ្ឋមន្ត្រី អញ្ជេីញប្រជាពលរដ្ឋ ទៅទស្សនា កំសាន្តជាមួយនឹងកម្មវិធីសាទរកម្ពុជា នៅមុខព្រះបរមរាជវាំង
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ពោរពេញទៅដោយសិល្បៈ វប្បធម៌ ទាំងបុរាណ និងសហសម័យ រួមបញ្ចូលគ្នា ដើម្បីអបអរសាទរ ដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយ របស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ។
ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ។
ការត្រៀមលក្ខណ: ការរៀបចំតុបតែងលម្អ ការហាត់សម និងផែនការផ្សេងៗ ត្រូវបានរៀបចំរួចរាល់ ដេីម្បីនឹងសម្តែង តាំងបង្ហាញ ក៏ដូចជាបង្កការសប្បាយរីករាយជូនបងប្អូន អ៊ំពូមីង តាយាយមហាគ្រួសារខ្មែរ និងភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាកំសាន្ត និងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងសាទរជាមួយនឹងសមិទ្ធផលជាច្រេីនរបស់កម្ពុជា។
សូមអញ្ជេីញបងប្អូន អ៊ំពូមីង តាយាយ អញ្ជេីញទៅទស្សនាកំសាន្តជាមួយនឹងកម្មវិធីសាទរកម្ពុជា ដែលនឹងប្រារព្វធ្វេីនៅថ្ងៃស្អែកនេះ នៅមុខព្រះបរមរាជវាំង រហូតដល់ថ្ងៃថ្មី ឆ្នាំថ្មី ឆ្នាំ២០២៥ ។
សូមជម្រាបថា ព្រឹត្តិការណ៍ “សាទរកម្ពុជា“ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសាលារដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះ ដេីម្បីផ្តល់នូវការសប្បាយរីករាយ សាកល្បងនៅល្បែងកំសាន្តខ្មែរជាច្រេីនប្រភេទ ស្វែងយល់ពីវប្បធម៌បូរាណ និងសម័យ ពិសេស ក្បួនដង្ហែរដ៏ធំផងដែរ ៕

















ដោយ ៖ វណ្ណលុក