បណ្ឌិត គិន ភា៖ ចាប់តាំងពីសម្តេចធិបតី ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺការងារការទូតមានភាពរស់រវើកនាំមកនូវកិត្យានុភាពជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក ដោយលោកបានកត់សម្គាល់ឃើញ ៤ ចំណុចសំខាន់ៗ ទី១. ការងារការទូតរបស់សម្តេចធិបតី គឺមានភាពរស់រវើកក្រោយពេលចូលកាន់តំណែងភ្លាម គឺសម្តេចធិបតីបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់បណ្តាប្រទេសជាច្រើន រាប់ទាំងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាការចូលរួមនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលជាការកត់សម្គាល់របស់លោកសកម្មភាពការទូតរបស់សម្តេចមានភាពរស់រវើកមានថាមពល ហើយមានភាពឈ្លាសវៃ និងប្រកបដោយនវានុវត្តន៍នៅក្នុងទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបណ្តាប្រទេសជាមត្តិ។
បណ្ឌិត គិន ភា បានបន្តថា ចំណុចទី២. ការងារការទូតរបស់សម្តេចធិបតី គឺជាការធ្វើពិពិធកម្មការទូតកម្ពុជាយ៉ាងរស់រវើក ដោយសារកន្លងមកនេះ កម្ពុជាត្រូវបានគេលាបពណ៌ថា លំអៀងតែទៅលើប្រទេសនេះប្រទេសនោះ ជាក់ស្តែងគេច្រើនចោទប្រកាន់កម្ពុជាអំពីទំនាក់ទំនងស៊ីជម្រៅគ្រប់ជ្រុងជ្រោយរបស់កម្ពុជាជាមួយនឹងប្រទេសចិនដែលជាសាច់ការជាក់ស្តែង គឺប្រទេសកម្ពុជាប្រកាន់យកនៅភាពចម្រុះពណ៌នៃនយោបាយការទូតរបស់ខ្លួន។ យើងអាចស្តែងឃើញតាមរយៈសកម្មភាពរបស់សម្តេចធិបតីទៅកាន់ប្រទេសជាច្រើននេះ គឺជាដំណើរការ នៃការធ្វើពិពិធកម្មការទូតកម្ពុជាដែលរស់រវើកដែលស្របទៅនឹងការវិវត្តន៍ចរន្តនយោបាយពិភពលោក។ បណ្ឌិតបន្តទៀតថា ចំណុចទី៣. រាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសនិងដៃគូរជាមិត្តនៅខាងក្រៅ គឺសម្តេចតែងតែផ្តោតទៅលើការទូតសេដ្ឋកិច្ចក្នុងន័យពង្រឹងពង្រីកទំនាល់ទំនងពាណិជ្ជកម្មរបស់កម្ពុជាជាទម្រង់ទ្វេភាគីក្តីជាទម្រង់ពហុភាគីក្តីជាការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
បណ្ឌិត គិន ភា បានកត់សម្គាល់ឃើញថា ចំណុចទី៤. តាមរយៈនយោបាយការទូតរបស់សម្តេចធិបតី គឺជានយោបាយការទូតដ៏ល្អដ៏រស់រវើកមួយដែលនាំមកនូវកិត្យានុភាពជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងនិងពង្រីកតួនាទីរបស់កម្ពុជាកាន់តែមានសារៈសំខាន់ឡើងនៅក្នុងកិច្ចការតំបន់និងអន្តរជាតិ ហើយសំឡេងរបស់កម្ពុជាត្រូវបានគេឭ រូបភាពកម្ពុជាត្រូវបានគេមើលឃើញ។ កម្ពុជាបានប្រែមុខប្រែមាត់កម្ពុជា ដែលពីមុនគេធ្លាប់ស្គាល់ដែលជាមជ្ឈមណ្ឌលនៃការរត់ប្រណាំងសព្វាវុធ និងមនោគមន៍វិជ្ជារបស់មហាអំណាច ជាកន្លែងប្រកួតប្រជែងគ្នារបស់មហាអំណាច ជាវាលពិឃាត ជាគ្រោះទុរភគ៌ ជាតំបន់មីន ចម្ការមីន ឥឡូវនេះកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីក្លាយទៅជាប្រទេសដែលប្រកាន់នៅគោលការណ៍ប្រជាធិបតេយ្យយ៉ាងរស់រវើកមានសុខសន្តិភាពពេញលេញបរិបូរណ៍ មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាង២ទសវត្ស ហើយក៏ជាគោលដៅទេចរណ៍ប្រកបដោយភាពទាក់ទាញនៅតំបន់អាស៊ីផងដែរ ហើយកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃវប្បធម៌អាស៊ីអាគ្នេយ៍ដ៏សំបូរបែប៕
ដោយ៖ពលជ័យ