ព្រឹត្តិការណ៍ «សាទរកម្ពុជា»ជាការផ្សារភ្ជាប់ប្រជាជន ទៅសង្គមជាតិ និងរួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិខ្មែរ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ “សាទរកម្ពុជា” បានប្រារព្ធឡើងនៅវេលាអស្តង្គតនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយ បន្តរហូតដល់វេលាឆ្លងឆ្នាំសកល២០២៥ ។ ពិធីនេះបានរៀបចំឡើងនាខាងមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជន ទៅសង្គមជាតិ ទាំងមូល ដែលក្នុងនោះ តាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិខ្មែរ។
ក្នុងព្រឹត្តិការណ៍នេះដែរត្រូវបានរៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់ គំនិតច្នៃប្រឌិតសិល្បៈបុរាណ និង សហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួន ច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។
រយៈពេលប៉ុន្មានថ្ងៃនេះប្រសិនបើគេក្រឡេកមើលរូបភាពទាំងឡាយ ដែលមាននៅ លើបណ្តាញសង្គមឬបណ្តាញសារព័ត៌មានស្តីពីពិធីបុណ្យឆ្លងឆ្នាំសកលនៅទូទាំងពិភពលោក យើងនឹង ឃើញរូបភាពស្អាតៗពីបណ្តាទីក្រុងល្បីៗ រួមជាមួយភាពប្លែកៗគ្នានៃការរៀបចំព្រឹត្តិការណ៍។ ជាមួយគ្នានេះយើងក៏អាច សាកស្រមៃមើលថានៅថ្ងៃណាមួយ រូបភាពពីរាជធានីភ្នំពេញនឹងមានវត្តមានប្រជែងគ្នាជាមួយទីក្រុងដទៃទៀត នូវព្រឹត្តិការណ៍ដែលរៀបចំនៅវេលាឆ្លងឆ្នាំសកល ហើយដែលពិភពលោកនឹងស្គាល់ជាខេមរភាសា ថា “សាទរកម្ពុជា – Celebrating Cambodia”។
ពលរដ្ឋមកពីគ្រប់ទិសទីរួមទាំងទីជនបទឆ្ងាយៗផងបាននាំគ្នាមកទាំងក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅភូមិផងរបងជាមួយគ្នាបានមកចូលរួមក្នុងព្រឹត្តិការណ៍“សាទរកម្ពុជា” និងរួមទាំងថ្ងៃឆ្លងឆ្នាំថ្មី២០២៥ដែលជាក្តីរីករាយអបអរសាទរឆ្នាំថ្មី រួមទាំងការមកចូលរួមដើម្បីបានទទួលជោគសំណាងឆ្នាំថ្មីៗទៅតាមជំនឿជឿជាក់រៀងៗខ្លូន និងក៏ដូចជាការកម្សាន្តសប្បាយឆ្នាំថ្មីផង។
ក្រៅពីនេះ ព្រឹត្តិការណ៍នេះមានរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” ដែលចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) និងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរ សាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។
ជាងនេះទៅទៀតព្រឹត្តិការណ៍នេះក៏មានការ សម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្ត ពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែ រហូតដល់វេលាឆ្លងឆ្នាំសកល។
កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជា គឺ ក្បួនដង្ហែទង់ជាតិកម្ពុជា ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួម សាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។
ក្រៅពីនេះនៅអំឡុងដំណាច់ឆ្នាំ២០២៤នេះដែរ ក៏មានការប្រារព្ធពិធីដ៏រស់រវើក និងសប្បាយរីករាយរបស់ប្រជាជនខ្មែរនៅទូទាំងប្រទេស ត្រូវគេឃើញបានលេចឡើងក្នុងភាពសប្បាយ រីករាយយ៉ាងក្រៃលែង។ ភាពសប្បាយយ៉ាងអធិកអធមនេះ គឺជាសក្ខីភាពនៃភាពធន់ ឯកភាព និងវឌ្ឍនភាពរបស់ប្រទេសជាតិកម្ពុជាក្រោមម្លប់សន្តិភាពរយៈពេល២៦ឆ្នាំកន្លងមកផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ