កម្ពុជា អរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ របស់អូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន

(ភ្នំពេញ)៖ កម្ពុជា អរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ប្រទេសអូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន ដូចជា ការបោសសំអាត គ្រាប់មីន កសិកម្ម និងការអប់រំ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយមចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាង ប្រទេសទាំងពីរ និងការបង្កើនការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដល់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ និងត្រី ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល បច្ចុប្បន្ននេះបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីរីករាយចំពោះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរក្នុងវិស័យអប់រំ ការបង្កើនអាហា រូបករណ៍ និងទំនាក់ទំនងសហគមន៍ ព្រមទាំងបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចប្រជុំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី (SOT) លើកទី៤ ប្រកបដោយជោគជ័យ រវាងក្រសួងការបរទេស ទាំងពីរកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុងភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរក្សាការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ឱ្យបានញឹកញាប់ ដូចជាការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នាទីក្រុងភ្នំពេញ របស់ឯកឧត្តម នាយករដ្ឋមន្ត្រី Anthony Albanese និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ ប្រទេសអូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន ដូចជា ការបោសសំអាត គ្រាប់មីន កសិកម្ម និងការអប់រំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ជាពិសេសក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លង ដែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌអាស៊ាន៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner